ព័ត៌មានអន្តរជាតិ

ក្រុមបាតុករថៃសច្ចារថា នឹងដេកនៅវិមានរដ្ឋាភិបាលយ៉ាងតិច ៣ថ្ងៃ ដើម្បីបណ្តេញឧត្តមសេនីយ ប្រាយុទ្ធ ចេញពីតំណែង

បរទេស៖ ក្រុមអ្នកតវ៉ាបានប្រកាស ពីចេតនាក្នុងការបោះជំរំ នៅខាងក្រៅវិមានរដ្ឋាភិបាល យ៉ាងតិចបីថ្ងៃ ដើម្បីដាក់សម្ពាធលើលោក ប្រាយុទ្ធ ចាន់អូចា អោយចុះចេញពីតំណែង ខណៈដែលក្រុមបាតុករដែលជា ក្រុមអាវលឿងបានបញ្ចប់ការ បង្ហាញការគាំទ្រដល់ របបរាជានិយមរបស់ពួកគេ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រៅពីការបណ្តេញអតីតមេដឹកនាំរដ្ឋប្រហារ ពីមុខតំណែងនាយករដ្ឋមន្រ្តីហើយ “Khana Ratsadorn” (ក្រុមរបស់ប្រជាជន) ដែលត្រូវបានគេស្គាល់ថា ជាចលនាប្រជាជនសេរី ក៏កំពុងទាមទារឱ្យមានការ កែរដ្ឋធម្មនុញ្ញឡើងវិញ រួមទាំងរបបរាជានិយមផងដែរ។

«យើងបានឈានដល់គោលដៅ» នេះជាអ្វីដែលមេដឹកនាំបាតុករ គឺលោក Arnon Nampha បានប្រកាសបន្ទាប់ពីចំនួនបាតុករ ហាក់ដូចជាមានចំនួនរាប់ម៉ឺននាក់ ទោះបីជាមេដឹកនាំម្នាក់ក្នុងចំណោម ពួកគេបានអះអាងថា មាន ៣០ម៉ឺននាក់ បានទៅដល់ការិយាល័យ នាយករដ្ឋមន្រ្តីប្រហែលបួនម៉ោង បន្ទាប់ពីចាប់ផ្តើមដើរចេញពី វិមានប្រជាធិបតេយ្យនៅម៉ោង ២ និង៤០ នាទីរសៀល៕

ប្រែសម្រួលៈ ណៃ តុលា

To Top