តូក្យូ៖ ប្រភពសន្និសីទបាននិយាយថា ប្រធានហិរញ្ញវត្ថុមកពីក្រុមសេដ្ឋកិច្ចធំៗទាំង ២០ ត្រូវបានគេរំពឹងថា នឹងព្រមព្រៀងគ្នានៅថ្ងៃពុធនេះ ដើម្បីពង្រីកការបន្ធូរបន្ថយបំណុល សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានរាតត្បាតដោយសារ ជំងឺឆ្លងកូវីដ១៩ ហើយ ការផ្តោតអារម្មណ៍គឺថាតើប្រទេសចិន ដែលជាម្ចាស់បំណុលដ៏សំខាន់ ដល់ប្រទេសកំពុងអភិវឌ្ឍ នឹងគាំទ្រដល់ការបន្តកម្មវិធីនេះដែរឬទេ។
យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ G-20 និងអភិបាលធនាគារកណ្តាល កំពុងបើកការប្រជុំតាមរយៈវីដេអូ ហើយក៏នឹងគាំទ្រដល់ការពន្យារ ពេលកិច្ចព្រមព្រៀងលើច្បាប់ពន្ធថ្មី សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា ប្រតិបត្តិការទូទាំងពិភពលោក ដល់ពាក់កណ្តាលឆ្នាំ២០២១ ។ ប្រភពដដែលបាននិយាយថា ពួកគេក៏នឹងពិភាក្សាគ្នាអំពី ការសម្របសម្រួលគ្នាក្នុងការ ឆ្លើយតបទៅនឹងផលប៉ះពាល់ ខាងសេដ្ឋកិច្ចពីជំងឺរាតត្បាតផងដែរ។
បណ្តាប្រទេសទាំងនោះ នឹងចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំដែលក្នុងនោះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Taro Aso និងទេសាភិបាលធនាគារជប៉ុនលោក Haruhiko Kuroda តំណាង ឲ្យ ប្រទេសជប៉ុន។
G-20 កំពុងព្យាយាមពង្រីកការ បង្កកបំណុលសាធារណៈ សម្រាប់ប្រទេសក្រីក្រដែលនៅចុងឆ្នាំនេះ។ គំនិតផ្តួចផ្តើមនេះត្រូវបានដាក់ចេញ នៅក្នុងខែឧសភាដោយប្រទេស G-20 និង បណ្តាប្រទេសម្ចាស់បំណុលបុរាណ Paris Club ដើម្បីជួយប្រទេសកំពុងអភិវឌ្ឍឱ្យមាន វិធានការប្រកបដោយប្រសិទ្ធភាព ប្រឆាំងនឹងវិបត្តិសុខភាព ៕
ប្រែសម្រួលៈ ណៃ តុលា