ភ្នំពេញ៖ គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយខេត្តកំពត បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលមានភូមិសាស្រ្តរស់នៅ អមសងខាងដងព្រែកកំពង់បាយថា ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ នាវេលាម៉ោង ៧ព្រឹក មានកម្ពស់ ១៤៨.៨៩ម និងទឹកហូរចូលអាងមានចំនួន ៧៣៦.៥០ម ក្នុងមួយវិនាទី។
យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១៧ តុលានេះបានឲ្យដឹងថា ក្រុមការងារបច្ចេកទេសរបស់ ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក តាមលក្ខណៈបច្ចេកទេសដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់នៅតែបន្តធ្លាក់។
ការបើកទ្វារទឹកនេះ អាចនឹងបណ្តាលឱ្យជន់លិចនៅភូមិសាស្ត្រ នៅអមសងខាងដងព្រែក។
ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពត បានអំពាវនាវដល់ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ផលប៉ះពាល់ផ្សេងៗជាយថាហេតុ ៕