ព័ត៌មានអន្តរជាតិ

ឥណ្ឌូនេស៊ី បដិសេធជាច្រើនដង សំណើរបស់អាមេរិក សុំចុះចត និងដាក់សាំងរបស់យន្តហោះ P-8 Poseidon ហើយថា ខ្លួនសុំរក្សាគោលនយោបាយអព្យាក្រឹត្យ

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ រាយការណ៍នៅថ្ងៃអង្គារ ដោយដកស្រង់សំដីមន្ត្រីជាន់ខ្ពស់ ឥណ្ឌូណេស៊ីចំនួន ៤ រូបថា ប្រទេសឥណ្ឌូនេស៊ី បានបដិសេធមិនអនុញ្ញាតឱ្យ យន្តហោះស៊ើបការណ៍តាមសមុទ្រ P-8 Poseidon របស់កងទ័ពសហរដ្ឋអាមេរិក ចុះចតនិងចាក់ប្រេងនៅក្នុងប្រទេសនេះទេ បើទោះបីជាមានការស្នើសុំជាច្រើន ពីសំណាក់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោនក៏ដោយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ គឺថា អាមេរិកបានស្នើទៅរដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្រ្តីការបរទេស ឥណ្ឌូណេស៊ីនៅក្នុងខែកក្កដា និងសីហា មុនពេលដាក់ទៅប្រធានាធិបតីឥណ្ឌូនេស៊ីលោក ចូកូវីដូដូ ដែលបានបដិសេធសំណើនេះ។

មន្រ្តីឥណ្ឌូនេស៊ីបានប្រាប់ទី ភ្នាក់ងារសារព័ត៌មានថា រដ្ឋាភិបាលទីក្រុងហ្សាការតាបានសម្រេចចិត្តរក្សា ភាពស្មោះត្រង់ចំពោះគោលនយោបាយ ការបរទេសអព្យាក្រឹតរបស់ខ្លួន ចំពេលភាពតានតឹង រវាងសហរដ្ឋអាមេរិកនិងចិន លើឥទ្ធិពលក្នុងតំបន់។

កាលពីខែកញ្ញារដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi បាននិយាយថា រដ្ឋាភិបាលទីក្រុងហ្សាការតាមិនចង់ «ជាប់នៅក្នុងភាពនៃគូប្រជែងនេះទេ»។

ទីភ្នាក់ងារព័ត៌មានបានកត់សម្គាល់ថា យន្តហោះស៊ើបការណ៍តាមសមុទ្រ P-8 Poseidon របស់សហរដ្ឋអាមេរិក មានសារៈសំខាន់ណាស់ក្នុងការឃ្លាំមើល សកម្មភាពយោធារបស់ចិន នៅសមុទ្រចិនខាងត្បូង ចំពេលមានភាពតានតឹង រវាងទីក្រុងប៉េកាំង និងប្រទេសជិតខាងក្នុងតំបន់ជុំវិញ ការគ្រប់គ្រងដែនទឹកដែលសម្បូរធនធាននេះ។ ឥណ្ឌូណេស៊ីក៏ចាត់ទុកផ្នែកខ្លះ នៃសមុទ្រចិនខាងត្បូងថាជារបស់ខ្លួនដែរ។ ទីក្រុងវ៉ាស៊ីនតោនចាត់ទុកសមុទ្រថា ជាផ្លូវទឹកអន្តរជាតិនិងជាទម្លាប់ប្រឆាំងចិន ដោយប្រើការហោះហើរឃ្លាំមើល និងការល្បាតដោយនាវាចម្បាំងអាមេរិក ៕

ប្រែសម្រួលៈ ណៃ តុលា

To Top