ព័ត៌មានអន្តរជាតិ

ក្រុមបាតុករផ្តល់ជម្រើសឱ្យលោក ប្រយុទ្ធ ចាន់អូចាថា ចុះចេញពីតំណែងក្នុងរយៈពេល ៣ថ្ងៃ ឬចង់ឱ្យមានបាតុកម្មកាន់តែធំ

បរទេស៖ ស្នងការប៉ូលីសក្រុង លោកឧត្តមសេនីយ៍ទោ Pakkapong Pongpetra បានទទួលយកលិខិតពីអ្នកតំណាងក្រុមបាតុករ Ratsadon នៅម៉ោង ៩ និង ២៥ នាទីយប់ថ្ងៃពុធ ដែលជំរុញឱ្យលោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា លាលែងពីតំណែង។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នា កាលពីម្សិលមិញនៅឯស្ពាន Chamai Maruchet លើផ្លូវ Phitsanulok ទល់មុខវិមានរដ្ឋាភិបាលក្នុងសង្កាត់ Dusit ។

ដោយដកស្រង់ខ្លឹមសារចេញ ពីលិខិតនោះសរសេរថា “យើងបានដើរដង្ហែទៅកាន់ វិមានរដ្ឋាភិបាលនៅថ្ងៃនេះ ដើម្បីផ្តល់ឱសានវាទដល់រដ្ឋាភិបាល។ ឧត្តមសេនីយ៍ប្រាយុទ្ធ ត្រូវតែលាលែងពីតំណែង ខណៈពេលដែលការកាត់ទោស តាមផ្លូវច្បាប់លើមេដឹកនាំបាតុករ ដែលត្រូវបានចាប់ខ្លួនត្រូវតែបញ្ឈប់។ យើងនឹងទុកពេល ៣ ថ្ងៃ ឲ្យរដ្ឋាភិបាលធ្វើតាមឬយើងនឹងត្រឡប់មកវិញ ហើយបង្កើនកម្រិតនៃការតវ៉ា” ។

ក្រុមបាតុករក៏បានរៀបចំលិខិត លាលែងពីតំណែងសម្រាប់ នាយករដ្ឋមន្រ្តីដើម្បីចុះហត្ថលេខាផងដែរ ហើយប្រគល់វាទៅឱ្យលោក Prateep Keeratirekha ដែលជាអនុលេខាធិការនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការនយោបាយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top