ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី៖ ពលរដ្ឋអាចធ្វើដំណើរ តាមផ្លូវក្រោមដីត្រង់ចំណុច រង្វង់មូលចោមចៅបណ្ដោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសដាក់ឲ្យ ប្រើប្រាស់ជាបណ្តោះអាសន្ននូវ ផ្លូវក្រោមដីត្រង់រង្វង់មូលចោមចៅ ដែលមានប្រវែង ៤៨៨ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅមហាវិថីសហព័ន្ធរុស្ស៊ី ហើយប្រជាពលរដ្ឋ អាចធ្វើដំណើរឆ្លងកាត់បាន ចាប់ថ្លែនេះតទៅ ។

ក្នុងឱកាសអញ្ជើញបើក ការដ្ឋានសាងសង់ ស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ ពីតំបន់កោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ទៅផ្លូវជាតិលេខ១ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍ថា ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។ ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។

សម្ដេចបន្តថា ស្ពានបេតុងខ្សែកាប្លិ៍១ខ្សែនេះ នៅពេលសាងសង់រួច នឹងចូលរួមចំណែកជួយសម្រួល ការធ្វើដំណើររបស់ ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។

ហើយនៅថ្ងៃនេះផងដែរ តបតាមការស្នើសុំពី អភិបាលរាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រកាសដាក់ឲ្យប្រើប្រាស់ ជាបណ្តោះអាសន្ននូវផ្លូវក្រោមដី ត្រង់រង្វង់មូលចោមចៅដែលមានប្រវែង ៤៨៨ម៉ែត្រ អោយប្រជាពលរដ្ឋធ្វើដំណើរ ជាបណ្តោះអាសន្នចាប់ពេលនេះតទៅ។ ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏សុំឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់ ទៅភ្ជាប់សេវាទូរស័ព្ទនៅផ្លូវក្រោមដីនោះ ដើម្បីកុំអោយដាច់សេវា ពេលធ្វើដំណើរដល់ផ្លូវក្រោមដីនោះ។

សម្តេចតេជោ ហ៊ុន សែន បានហៅសមិទ្ធផលនាថ្ងៃនេះថា ជា «សមិទ្ធផលថ្មីលើដីសន្តិភាព» ។ សម្តេចតេជោបានបង្ហាញនូវ ក្តីមោទនភាពចំពោះភាព រីកចម្រើននៃទីក្រុងភ្នំពេញ ដែលក្រោយពីងើបពីសង្គ្រាមមក គឺជាទីក្រុងដែលមិនមាន មនុស្សរស់នៅច្រើននោះទេ តែពេលនេះ មានមនុស្សរស់នៅរាប់លាននាក់ និងមានអគារខ្ពស់ៗរាប់រយអគារ។ សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា បច្ចុប្បន្ន ទីក្រុងភ្នំពេញបានពង្រីកផ្ទៃដីជាបន្តបន្ទាប់ ដែលមុននេះ ផ្ទៃដី ទីក្រុងភ្នំពេញគឺ មានចំនួន ៣០០គីឡូម៉ែត្រការរ៉េ ឥឡូវនេះផ្ទៃដីទីក្រុងភ្នំពេញបានកើនដល់ ជិត ៧០០ម៉ែត្រគីឡូម៉ែត្រការ៉ែ ៕

To Top