ភ្នំពេញ៖ លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោក លី ជីញហ្វឹង តំណាងស្ថានទូតចិន ប្រចាំកម្ពុជា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានជួបពិភាក្សាគ្នា ដើម្បីបង្កើតបណ្ណាល័យឌីជីតាល់ ប្រឆាំងគ្រឿងញៀនសម្រាប់ ពង្រីកការងារផ្សព្វផ្សាយពីបញ្ហា គ្រឿងញៀនឲ្យបានកាន់តែ ទូលំទូលាយតាមប្រព័ន្ធបច្ចេកវិទ្យា។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក អគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
លោក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានប្រាប់ឲ្យដឹងថា លោក លី ជិញហ្វឹង បានថ្លែងប្រាប់ពីសារបាននៃ ការបង្កើតបណ្ណាល័យឌីជីថល ប្រឆាំងគ្រឿងញៀន គឺកើតឡើងក្នុងជំនួបរវាងថ្នាក់ដឹកនាំចិនជាមួយ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន នាពេលកន្លង ហើយថ្នាក់ដឹកនាំ បានឯកភាព ជួយផ្តល់ការគាំទ្រដល់ ការបង្កើតបណ្ណាល័យឌីជីថល ដ៏មានសារ:សំខាន់នេះ ដែលទឹកប្រាក់ប្រមាណជា ៥ម៉ឺនដុល្លាអាមេរិក។
លោកស្រី សឿ សុជាតា បានថ្លែងអំណរគុណដល់មិត្តដែកថែបចិន ដែលតែងតែផ្តល់នូវការគាំទ្រដល់ កម្ពុជាលើគ្រប់វិស័យជារៀងរហូតមក ហើយការផ្តល់នូវការគាំទ្រដល់ ការបង្កើតបណ្ណាល័យឌីជីជល់ ប្រឆាំងគ្រឿងញៀនដល់កម្ពុជានាពេលនេះ ពិតជាបានបង្ហាញនូវការគាំទ្រ និងយកចិត្តទុកដាក់ដល់ ប្រជាពលរដ្ឋកម្ពុជា ពិសេសយុវជនកម្ពុជា ឲ្យបានយល់ដឹងកាន់តែច្បាស់ និងចូលរួមកាន់តែសកម្ម បន្ថែមទៀត ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សូមជម្រាប់ថា នៅក្នុងជំនួបពិភាក្សាការងារនេះដែរ កម្ពុជា-ចិន ឯកភាពបន្តការងារបច្ចេកទេស ដើម្បីបង្កើតបណ្ណាល័យ ឌីជីថលប្រឆាំងគ្រឿងញៀន ឲ្យដំណើរការទៅបានដោយជោគជ័យ តាមការចង់បានរបស់ ថ្នាក់ដឹកនាំប្រទេសទាំងពីរ កម្ពុជា-ចិន ៕