DAP News

ព័ត៌មានជាតិ

៧ឆ្នាំ កម្ពុជានាំចេញអង្ករ ទៅទីផ្សារចិន កើនឡើង ជិត១លានតោន

ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤ ដល់ខែ៩ ឆ្នាំ២០២០ ទំហំនៃ ការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារចិនកើនឡើង ជិត១លានតោន ។

ខណៈសហព័ន្ធស្រូវអង្ករ បញ្ជាក់ថា នឹងឈានដល់១,២លានតោន ក្នុងពេលឆាប់ៗនេះ។

នេះយោងតាមគេហទំព័រហ្វេសប៊ុក សហព័ន្ធស្រូវអង្ករ ក្រោយបញ្ចប់ជំនួបរវាង សហព័ន្ធស្រូវអង្ករកម្ពុជា និងស្ថានអគ្គកុង ស៊ុលចិន ប្រចាំកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ លើការនាំចេញអង្ករកម្ពុជាទៅចិន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ។

លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) បានសាទរចំពោះកិច្ចសហការ លើការនាំចេញអង្ករកម្ពុជាទៅកាន់ប្រទេសចិន។

លោកបន្ដថា ការកើនឡើងនេះ កើតចេញពីខិតខំ ប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរប្រកបដោយឆន្ទៈ និងមានគោលបំណងច្បាស់លាស់ក្នុងការបង្កើនចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើសេដ្ឋកិច្ច និងនយោបាយ។

លោកថា វិស័យឯកជន ជាពិសេស សហព័ន្ធស្រូវអង្ករកម្ពុជាដែលជាស្ថាប័នតំណាងឲ្យវិស័យស្រូវអង្ករនៅកម្ពុជា បានខិតខំសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយ ក្រុមហ៊ុន រដ្ឋ និងក្រុមហ៊ុនឯកជនរបស់ចិន ជាពិសេស ក្រុមហ៊ុន COFCO corporation ក្នុងការជំរុញការនាំចេញ និងពង្រីកទីផ្សារអង្ករកម្ពុជា នៅក្នុងប្រទេសចិន។

លោកក៏លើកឡើងពីការងារនិងមហិច្ឆតានៃការនាំចេញ របស់កម្ពុជាដែលមានបំណងជំរុញឲ្យបានការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិចំនួន១លានតោន ចាប់ពីឆ្នាំ ឆ្នាំ២០២១ ដែលជាកំណើនប្រកបដោយប្រាក់ចំណេញ និងមាននិរន្តរភាពទីផ្សារ។

លោកថា ការសម្រេចបាននូវគោលដៅនាំចេញនេះ គឺមិនអាចខ្វះបាននៃចំណែកទីផ្សាររបស់ចិន។ សម្រាប់ឆ្នាំ២០២០ តាមការរំពឹងទុក និងការវាយតំលៃរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករកម្ពុជានឹងឈានទៅដល់៨០ម៉ឺនតោន ។ ការណ៍នេះ កម្ពុជាត្រូវការសហការយ៉ាងស្អិតរមួត ជាមួយនឹងចិន ។ ជាក់ស្តែងក្នុងរយៈពេល ៩ខែឆ្នាំ២០២០ ទីផ្សាររបស់ប្រទេសចិនមានចំណែក ៣៥% នៃបរិមាណអង្ករនាំចេញ អង្ករកម្ពុជាទាំងមូល៕

To Top