ព័ត៌មានអន្តរជាតិ

ក្រុងប៉េកាំងថា នឹងដាក់ទណ្ឌកម្ម ទៅលើក្រុមហ៊ុនអាមេរិក Lockheed Martin, Boeing និង ក្រុមហ៊ុន Raytheon ដែលចូលរួម លក់អាវុធឱ្យកោះតៃវ៉ាន់

កាលពីសប្តាហ៍មុន ក្រសួងការបរទេសចិន បានប្តេជ្ញាឆ្លើយតប ឱ្យសមស្របនិងចាំបាច់ បន្ទាប់ពីសហរដ្ឋអាមេរិក បានយល់ព្រមលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់ ដែលមានតម្លៃប្រមាណ ១,៨ ពាន់លានដុល្លារ។ អ្នកនាំពាក្យ រដ្ឋមន្រ្តីក្រសួងការបរទេសចិន លោក Zhao Lijian បានបញ្ជាក់នៅថ្ងៃចន្ទថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងដាក់ទណ្ឌកម្មលើអង្គភាពអាមេរិក ដែលចូលរួមក្នុងការលក់អាវុធ ទៅឱ្យកោះតៃវ៉ាន់នេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរូបនេះ បាននិយាយថា“ យើងប្រឆាំងដាច់ខាត ហើយក៏បាន សម្តែងការសោកស្តាយជាខ្លាំងផងដែរ ចំពោះការអនុវត្តបែបនោះ” ។

ថ្លែងបន្ថែមទៀត អ្នកនាំពាក្យរូបនោះ បាននិយាយថា ក្រុមហ៊ុនអាមេរិក Lockheed Martin, Boeing Defense និង ក្រុមហ៊ុន Raytheon នឹងត្រូវស្ថិតក្រោមការដាក់ទណ្ឌកម្មរបស់ចិន។

លោក Zhao Lijian បានបន្ថែមថា «យើងនឹងបន្តចាត់វិធានការចាំបាច់ ដើម្បីការពារអធិបតេយ្យភាពជាតិ និងផលប្រយោជន៍សន្តិសុខរបស់យើង»៕ ប្រែសម្រួលៈ ណៃ តុលា

To Top