អ៊ីស្តង់ប៊ុល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២០ថា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះបន្ទាន់របស់ប្រទេសតួកគី បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅខេត្ត Izmir ស្ថិតនៅភាគខាងលិចនៃប្រទេសតួកគី បានកើនឡើងដល់៦២នាក់ ។
អាជ្ញាធរខាងលើបានឲ្យដឹងនៅក្នុងសេចក្តីប្រកាសមួយថា សរុបអ្នករងរបួសមានចំនួន៩៤០នាក់ ក្រោយពីមានគ្រោះរញ្ជួយដីកម្រិត៦,៦រ៉ិទ័រ ដែលបានវាយប្រហារនៅក្រោមសមុទ្រ Aegean នៅក្នុងស្រុក Seferihisar កាលពីថ្ងៃសុក្រ ។
អាជ្ញាធរបានឲ្យដឹងថា ពលរដ្ឋចំនួន២១៨នាក់ ស្ថិតនៅក្នុងដំណាក់កាលព្យាបាលនៅឯមន្ទីរពេទ្យជាច្រើន ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល Fahrettin Koca បានថ្លែងថា ប្រតិបត្តិការរុករក និងជួយសង្គ្រោះ នៅតែបន្តធ្វើដោយរុករកនៅទាំងអគារដួលរលំចំនួន០៨កន្លែង នៅទូទាំងខេត្ត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា