ព័ត៌មានជាតិ

លោក សាយ សំអាល់៖ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន ត្រូវពឹងផ្អែកលើបច្ចេកវិទ្យាទំនើប

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានលើកឡើងថា ដើម្បីកាត់បន្ថយ នូវផលប៉ះពាល់ បរិស្ថានបាន ត្រូវធ្វើការជាមួយក្រសួងដែល ពាក់ព័ន្ធនានា ដោយប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីៗ។

ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ បរិស្ថានឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកសាយ សំអាល់បានថ្លែងថា “ដើម្បីកាត់បន្ថយផលប៉ះពាល់ យើងត្រូវធ្វើការជាមួយ ក្រសួង ពាក់ព័ន្ធមួយចំនួន ដើម្បីប្រើប្រាស់វិទ្យាសាស្រ្តថ្មី វិធីសាស្រ្តថ្មី សម្រាប់កាត់បន្ថយ ផលប៉ះពាល់បរិស្ថាន”។

ទាក់ទងជាមួយបញ្ហាបរិស្ថាននេះ លោកបានអំពាវនាវ ដល់ អភិបាលរាជធានី-ខេត្ត ឲ្យចូលរួម ឲ្យបានយ៉ាងសកម្មក្នុងការ ការពារបរិស្ថានឲ្យបានល្អ។


ជាមួយគ្នានោះ លោករដ្ឋមន្រ្តីក៏បាន ជំរុញឲ្យមានការគ្រប់គ្រង កាកសំណល់រឹង-រាវ នៅតាមទីប្រជុំជនឲ្យមានប្រសិទ្ធភាពខ្ពស់ និងត្រូវគ្រប់គ្រងសារធាតុគ្រោះថ្នាក់ឲ្យបានល្អផងដែរ។

លើសពីនេះទៀត លោកក៏បាន ណែនាំ អភិបាលរាជធានី-ខេត្ត និងមន្រ្តីក្រោមឱវាទ ត្រូវរៀបចំ តំបន់អភិរក្ស ឲ្យបានត្រឹមត្រូវស្របទៅតាម បទដ្ឋានគតិយុត្តិនានា៕

ដោយ៖ធី លីថូ

To Top