បរទេស៖ក្រុមរដ្ឋឥស្លាមជ្រុលនិយម តាមសេចក្តីរាយការណ៍ បានអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារបណ្ដាលឲ្យមានមនុស្សស្លាប់ក្នុងទីក្រុងវីយែន នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញតាមទីភ្នាក់ងារសារព័ត៌មាន អមដោយរូបភាពនិងវីដេអូអះអាងបង្ហាញបុរសកាន់កំាភ្លើងមួយរូប។
រូបភាពដែលចេញលើបណ្ដាញសង្គមតេឡេក្រាម បានបង្ហាញឲ្យឃើញបុរសមានពុកមាត់ ឈ្មោះ Abu Dagnah Al-Albany អមដោយប្រយោគសរសេរថា គាត់បានវាយប្រហារហ្វូងមនុស្សនៅកណ្ដាលទីក្រុងវីយែន កាលពីថ្ងៃចន្ទ ដោយប្រើកាំភ្លើងខ្លី និងកាំភ្លើងយន្ត នៅមុនពេលប៉ូលីសបាញ់ស្លាប់។
ចំណែកមន្ត្រីអូទ្រីស បានបញ្ជាក់អត្តសញ្ញាណអ្នកវាយប្រហារនោះថា មានឈ្មោះ Kujtim Fejzulai គឺជាពលរដ្ឋមានសញ្ជាតិពីរ គឺសញ្ជាតិអូទ្រីសនិងម៉ាសេដូនា ដែលត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់រយៈពែល១២ខែ កាលពីខែមេសា ឆ្នាំ២០១៩ ពីបទប៉ុនប៉ងធ្វើដំណើរទៅប្រទេសស៊ីរី ដើម្បីចូលរួមជាមួយក្រុមរដ្ឋឥស្លាមជ្រុលនិយម៕ ប្រែសម្រួល៖ប៉ាង កុង