ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត០៩នាក់ ដោយសារអគ្គីភ័យ កើតឡើងនៅទីតាំងឃ្លាំង ស្តុកសម្លៀកបំពាក់នៅឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នំា២០២០ថា ប៉ូលិសបានឲ្យដឹងថា ចំនួនអ្នកស្លាប់ ដោយសារអគ្គីភ័យបំផ្លាញ នៅទីតាំងស្តុកសម្លៀកបំពាក់មួយកន្លែង នៅរដ្ឋ Gujarat ភាគខាងលិច នៃប្រទេសឥណ្ឌា នៅថ្ងៃពុធនេះ បានកើនឡើងដល់០៩នាក់ ។

អគ្គីភ័យបានកើតឡើង ចេញពីអគារមួយកន្លែង នៅផ្លូវ Piplaj-Pirana នៅក្រុង Ahmedabad ចម្ងាយប្រមាណ៣៣គីឡូម៉ែត្រ ស្ថិតនៅភាគខាងត្បូង Gandhinagar រដ្ឋធានី Gujarat ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមអ្នកពន្លត់អគ្គីភ័យជាង៥០នាក់កំពុងព្យាយាមពន្លត់ភ្លើង ។

ប៉ូលិសបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ បានទាញមនុស្ស១២នាក់ចេញពីគំនរអគារដែលបាក់បែក ៕
ប្រែសម្រួលដោយៈ៖ ម៉ៅ បុប្ផាមករា

To Top