ព័ត៌មានជាតិ

ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការបរទេសខ្មែរទាំងអស់ ដែលបានធ្វើតេស្ត មានលទ្ធផល អវិជ្ជមានកូវីដ១៩

ភ្នំពេញ៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃក្រសួងការបរទេសខ្មែរ ដែលបានជួប និងប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយ លោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទស និងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តសំណាករកវីរុសកូវីដ-១៩ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស នៅថ្ងៃទី៥ វិច្ឆិកានេះ បានឲ្យដឹងថា កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបានជួប និងប្រាស្រ័យទាក់ទងផ្ទាល់ ជាមួយគណៈប្រតិភូហុងគ្រី ដឹកនាំដោយលោក ភីធើ ស៊ីចាតូ (Péter Szijjártó) រដ្ឋមន្រ្តីការបរទស និងពាណិជ្ជកម្មហុងគ្រី បានធ្វើតេស្តសំណាករកវីរុសកូវីដ-១៩។

ក្រសួងបន្តថា «នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិទាំងអស់ ដែលបានធ្វើតេស្ត មានលទ្ធផលអវិជ្ជមានកូវីដ-១៩» ។

ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការពាក់ព័ន្ធទាំងអស់ នឹងបន្តធ្វើចត្តាឡីស័ករយៈ ពេល១៤ថ្ងៃទៀត និងរង់ចាំការធ្វើតេស្តជាបន្តបន្ទាប់ទៀត តាមការកំណត់របស់ក្រសួងសុខាភិបាល ៕ ដោយ ខា ដា

To Top