ព័ត៌មានជាតិ

ប្រធានរាជបណ្ឌិត្យសភា អំពាវនាវពលរដ្ឋ ឲ្យឈប់លក់ដីស្រែ

ភ្នំពេញ៖ លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានធ្វើការអំពាវនាវ ដល់ប្រជាពលរដ្ឋមានដីសម្រាប់ធ្វើស្រែ ឲ្យបញ្ឈប់ការលក់ដីស្រែព្រោះនៅពេលខាងមុខ ប្រទេសចិន នឹងទិញអង្ករពីកម្ពុជាចំនួន២លានតោន ដែលចំណុចនឹងផ្តល់ផលប្រយោជន៍ ច្រើនដល់ពលរដ្ឋ។

ក្នុងពិធីផ្សព្វផ្សាយសៀវភៅក្រោម ចំណងជើង មាគ៌ាដ៏ត្រឹមត្រូវសម្រាប់កម្ពុជា ដើម្បីរក្សាសន្តិភាពនិងឆ្ពោះទៅកាន់ការអភិវឌ្ឍ២០០៨-២០១៨ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ លោកសុខ ទូច បានថ្លែងថា “សូមឲ្យប្រជាជនកម្ពុជា កសិករដែលមានផ្ទៃដីស្រែធំ សូមកុំលក់ដីឲ្យសោះ ដីក្រុងអាចលក់ចុះ ប៉ុន្តែដីស្រែកុំលក់ ពីព្រោះចិនត្រូវនាំអង្ករ ទៅ២លានតោន នៅពេលខាងមុខ”។

លោកបន្តថា រាជរដ្ឋាភិបាលត្រូវធ្វើជាម្ចាស់កម្មសិទ្ធិ ក្នុងការររៀបចំឲ្យមានប្រព័ន្ធទឹក ឲ្យបានល្អ ដើម្បីធ្វើស្រែឲ្យបានច្រើនរដូវ។

ក្នុងឱកាសនោះ លោកក៏បានអំពាវនាវ ដល់អ្នកដែល មានចំណេះដឹងខ្ពស់ខាងផ្នែកកសិកម្ម ឲ្យរៀបចំចងក្រងជាឯកសារ ដាក់មករាជបណ្ឌិត្យសភាកម្ពុជា ហើយរាជបណ្ឌិត្យសភា នឹងផ្ដល់ជាធាតុចូល ដាក់ទៅ រាជរដ្ឋាភិបាល ថាត្រូវធ្វើប្រព័ន្ធទឹកបែបណា។

ជាមួយគ្នានោះ ប្រធានរាជបណ្ឌិត្យសភាសង្កត់ធ្ងន់ថា កម្ពុជាត្រូវធ្វើស្រូវឲ្យបានបីដងក្នុង១ឆ្នាំ ទើបអាចធ្វើការផ្គត់ផ្គង់អង្ករទៅកាន់ទីផ្សារចិនបាន។

លោកថា បើគ្មានទឹកកុំនិយាយធ្វើកសិកម្ម គ្មានទឹកកុំនិយាយការរីកចម្រើន នៃវិស័យកសិឧស្សាហកម្ម ព្រោះទឹកដើរតួនាទីសំខាន់។

លើសពីនេះទៀត លោកបញ្ជាក់ថា ប្រទេសជាតិមួយ មានការរីកចម្រើនទៅបាន គឺគេមើលលើកម្លាំងផលិត។

សូមបញ្ជាក់ថា គិតត្រឹមរយៈពេល១០ខែ នៃឆ្នាំ២០២០នេះ បរិមាណអង្ករនាំចេញរបស់កម្ពុជា មានចំនួន ៥៣៦ ០៣៥ តោនមានការកើនឡើង១៧.១១% បើប្រៀបធៀបនឹង រយៈពេល១០ខែដូចគ្នា ឆ្នាំ២០១៩។ ក្នុងនោះទីផ្សារចម្បងនៃការនាំចេញអង្កររបស់កម្ពុជា គឺទៅកាន់ចិន និងតំបន់ស្វយ័តរបស់ចិន (ហុងកុង ម៉ាកាវ តៃវ៉ាន់) មានចំណែក៣៦% ៕ ដោយ៖ធី លីថូ

To Top