ព័ត៌មានអន្តរជាតិ

លោក ពូទីន បញ្ជាឲ្យរដ្ឋាភិបាលរុស្ស៊ី ព្យាយាមបំពេញតាមគោលដៅ កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានចុះហត្ថលេខាលើ បទបញ្ញត្តិមួយបញ្ជាឲ្យរដ្ឋាភិបាលរុស្ស៊ី ព្យាយាមបំពេញតាមកិច្ចព្រមព្រៀង ក្រុងប៉ារីសឆ្នាំ២០១៥ ក្នុងការប្រយុទ្ធនឹងបម្រែបម្រួល អាកាសធាតុ ប៉ុន្តែបានសង្កត់ធ្ងន់ថា សកម្មភាពណាមួយ ត្រូវតែមានតុល្យភាពជាមួយ តម្រូវការចាំបាច់ ដើម្បីធានាបាននូវ ការអភិវឌ្ឍសេដ្ឋកិច្ចខ្លាំងក្លា។

ប្រទេសរុស្ស៊ី ដែលជាប្រទេសបំភាយ ឧស្ម័នផ្ទះកញ្ចក់ធំបំផុត លំដាប់ទី៤ លើពិភពលោក កាលពីមុនបានការទទួល យកកិច្ចព្រមព្រៀងនោះ បើទោះជាអ្នកបរិស្ថាន បានរិះគន់ទីក្រុងមូស្គូ ពីបទគេចវេសមិនកំណត់បរិមាណបំភាយ សម្រាប់ក្រុមហ៊ុននានា ដែលទទួលបានការពិន័យ។

លោក ពូទីន បានមានប្រសាសន៍ថា សកម្មភាពកាត់បន្ថយ បំភាយឧស្ម័នណាមួយ ត្រូវតែពិចារណាដល់តម្រូវការចាំបាច់ ដើម្បីធានាបាននូវ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមដ៏ ស្ថិតថេរនិងមានតុល្យភាព និងបានបញ្ជាឲ្យរដ្ឋាភិបាល គូសបញ្ជាក់និងធ្វើសច្ចាប័ន ចំពោះយុទ្ធសាស្ត្រសេដ្ឋកិច្ចសង្គម រហូតដល់ឆ្នាំ២០៥០ ដែលកម្រិតក្នុងបំភាយ ឧស្ម័នផ្ទះកញ្ចក់ទាបជាង ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top