ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ជំរុញប៉ាគីស្ថាន ឲ្យបន្តពង្រឹង កិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក Qasim Khan Suri អនុប្រធានសភាជាតិ នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានជំរុញឲ្យប៉ាគីស្ថាន បន្តពង្រឹងកិច្ចសប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគជាមួយកម្ពុជាបន្ថែមទៀត។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក របស់សម្ដេចតេជោ ហ៊ុន សែន ។

ក្នុងជំនួបជាមួយ លោក Qasim Khan Suri អនុប្រធានសភាជាតិ នៃសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជំរុញឲ្យភាគីទាំងពីរ បន្តពង្រឹងកិច្ចសប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំទូលាយ។ សម្តេចតេជោ បានចាត់ទុកវត្តមាន របស់លោកអនុប្រធានសភា និងគណៈប្រតិភូប៉ាគីស្ថាននៅកម្ពុជា គឺឆ្លុះបញ្ចាំងនូវសាមគ្គីភាព ក្នុងក្របខណ្ឌអាស៊ីប៉ាស៊ីហ្វិក និងជាផ្តល់នូវកិត្តិយស និងលើកកម្ពស់ ទំនាក់ទំនងទ្វេភាគីកម្ពុជា និងប៉ាគីស្ថាន។

លោក Qasim Khan Suri អនុប្រធាន ប៉ាគីស្ថានបានគូសបញ្ជាក់ថា ប្រទេសទាំងពីរ គឺមានកិច្ចសហប្រតិបត្តិការយូរលង់មកហើយ ដែលត្រូវពង្រឹងកិច្ចសហប្រតិបត្តិការ ឲ្យបានខ្លាំងក្លាបន្ថែមទៀត។ ក្រៅពីនេះក៏ចង់ឲ្យមាន កិច្ចសហប្រតិបត្តិការក្របខណ្ឌតំបន់ ពិសេសក្នុងក្របខណ្ឌអាស៊ាន។

លោក បានអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ដែលបានឈ្នះការបោះឆ្នោត ២០១៨ កន្លងទៅនេះ និងរីករាយដែលបានឃើញ សមទិ្ធផលអភិវឌ្ឍជាច្រើនរបស់កម្ពុជា។ លោក អនុប្រធានសភាប៉ាគីស្ថាន ក៏បានកោតសរសើរ ពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងការរីកចំរើនដ៏ធំធេងនៅកម្ពុជា ជាមួយការអភិវឌ្ឍគ្រប់វិស័យ។ អ្វីដែល លោកចង់បាន គឺបង្កើនការផ្លាស់ប្តូរទស្សនកិច្ចពីគ្នាទៅវិញទៅមក នៅក្នុងក្របខណ្ឌសភា និងសភា និងទស្សនកិច្ចថ្នាក់ដឹកនាំ ទៅវិញទៅមកផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជានិងប៉ាគីស្ថាន មានទំនាក់ទំនងនឹងគ្នា ជាយូរមកហើយ ពិសេសប៉ាគីស្ថាន បានទទួលស្គាល់ឯករាជ្យកម្ពុជា តាំងពីឆ្នាំ១៩៥២ ពោលគឺមុនប្រទេសកម្ពុជា ទទួលបានឯករាជ្យទៅទៀត។

សម្តេចតេជោ ចង់ឲ្យភាគីទាំងពីរ ស្វែងរកមធ្យោបាយ ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ពិសេសគឺកិច្ចសហប្រតិបត្តិការ ទៅលើវិស័យសេដ្ឋកិច្ច វិនិយោគជាដើម។ ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគី មានចំនួនតិចតួចនៅឡើយ សម្តេចតេជោ ចង់ភាគីទាំងពីរ ជំរុញឲ្យទំហំពាណិជ្ជកម្មប្រទេសទាំងពីរ អោយមានការកើនឡើងថែមទៀត។

ពាក់ព័ន្ធទៅនឹងវិស័យវប្បធម៌ និងវិស័យអប់រំវិញ សម្តេចតេជោ អរគុណចំពោះប៉ាគីស្ថាន ដែលបានផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជា និងមន្ត្រីកម្ពុជាកន្លងមក អោយទទួលបាន ការបណ្តុះបណ្តាលនៅប៉ាគីស្ថាន។ ពាក់ព័ន្ធទៅនឹងវិស័យនយោបាយ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅនេះកម្ពុជា បានគាំទ្រប៉ាគីស្ថាន ក្នុងការក្លាយជាប្រទេសដៃគូសន្ទនា តាមវិស័យរបស់អាស៊ាន និងចង់ក្លាយជាដៃគូពេញលេញ របស់អាស៊ាននៅពេលខាងមុខនេះ។

នៅក្នុងកិច្ចពិភាក្សានេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញថ្នាក់ដឹកនាំកំពូលប៉ាគីស្ថាន មកធ្វើទស្សនកិច្ចនៅកម្ពុជា ហើយ សម្តេចតេជោហ៊ុន សែន នឹងរកពេលវេលាសមស្របណាមួយ ដើម្បីអញ្ជើញទៅធ្វើទស្សនកិច្ច នៅប្រទេសប៉ាគីស្ថាន៕

To Top