អត្ថបទ

ខេត្តស្វាយរៀង ជាគោលដៅទី៩ នៃសិក្ខាសាលា តាមបណ្ដាខេត្ត ឆ្នាំ២០១៩

ស្វាយរៀង ៖ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល កាលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានចូលរួមក្នុងសិក្ខាសាលា តាមបណ្ដាខេត្ត នៅខេត្តស្វាយរៀង ក្រោមប្រធានបទ «អ្វីជាការជួញដូរ ឧបករណ៍និស្សន្ទ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» ។ ការចូលរួមលើកនេះ គឺជាលើកទី៩ក្នុងឆ្នាំ២០១៩ និងជាលើកទី១៤ បើគិតចាប់ពីការកើតឡើង នៃសិក្ខាសាលា តាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨មក ។ គោលបំណងសំខាន់ នៃការចូលរួមនេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗ សម្រាប់ការវិនិយោគ ដល់សាធារណៈជន នៅគ្រប់ខេត្តក្រុងទាំងអស់ នៃព្រះរាជាណាចក្រកម្ពុជា ។

លោក សុខ រស់ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានផ្ដល់កិត្តិយសផ្ដល់មតិស្វាគមន៍ ក្នុងសិក្ខាសាលា នៅខេត្តមួយនេះ ។ លោក បានលើកឡើង ពីសក្ដានុពល នៃខេត្តស្វាយរៀង និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់គិតគូរ ដល់ប្រជាពលរដ្ឋលើគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍវិស័យសេដ្ឋកិច្ចដែលស្ដែងឱ្យឃើញ តាមរយៈការធ្វើកំណែទម្រង់សេដ្ឋកិច្ច ដែលជួយឱ្យព្រះរាជាណាចក្រកម្ពុជា បាននឹងកំពុងមានកំណើនសេដ្ឋកិច្ចនៅក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ។ តាមរយៈសិក្ខាសាលានេះ ឯកឧត្តម សុខ រស់ ក៏រំពឹងថា សិក្ខាកាមនឹងទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងផ្នែកវិនិយោគបន្ថែម ជាពិសេសលើទីផ្សារឧបករណ៍និស្សន្ទ ។

លោក សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជា បានប្រកាសបើកកម្មវិធីសិក្ខាសាលា នៅខេត្តស្វាយរៀងជាផ្លូវការ និងបានបង្ហាញ ពីស្ថានភាពបច្ចុប្បន្ន នៃទីផ្សារ ឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហរ របស់គណៈកម្មការមូលបត្រកម្ពុជា ក្នុងការពង្រីកការអភិវឌ្ឍទីផ្សារ ឧបករណ៍និស្សន្ទបន្ថែមទៀត ។ លោក បានលើកទឹកចិត្តឱ្យវិនិយោគិនបង្កើនចំណេះដឹង និងត្រៀមខ្លួនរួចរាល់សម្រាប់ ការវិនិយោគលើឧបករណ៍និស្សន្ទ ដើម្បីរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

លោក សុខ ដារ៉ា បានមានប្រសាសន៍ថា “ទីផ្សារឧបករណ៍និស្សន្ទ ផ្ដល់អត្ថប្រយោជន៍ យ៉ាងច្រើនដល់សេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើត ឱកាសការងារសម្រាប់និស្សិត ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ការបង្កើតឱកាសរកប្រាក់ចំណូលពីការវិនិយោគ ការផ្លាស់ប្តូរទម្លាប់ ពីការសន្សំមកជាការវិនិយោគ ការបង្កើតជម្រើសថ្មីនៃការវិនិយោគ ការបង្វែរការវិនិយោគពីក្រៅស្រុកមកក្នុងស្រុក និងការបង្កើនចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធជាដើម” ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងនាមជាវាគ្មិនកិត្តិយស លោក រិន កន្និដ្ឋា អ្នកវិភាគផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានធ្វើបទបង្ហាញ ដើម្បីឱ្យសិក្ខាកាមងាយយល់ និងទទួលបានចំណេះដឹង អំពីការវិនិយោគលើផលិតផល ឧបករណ៍និស្សន្ទ ការទប់ស្កាត់និងការកាត់បន្ថយហានិភ័យ ពីការវិនិយោគ និងយុទ្ធសាស្រ្តល្អៗ ដើម្បីទាញយកផលគាប់ប្រសើរ ពីការវិនិយោគ ។ ក្រោមការដឹកនាំ របស់គណៈកម្មការមូលបត្រកម្ពុជា លោកកន្និដ្ឋាក៏បានបង្ហាញ ពីការប្ដេជ្ញារបស់ក្រុមហ៊ុន ក្នុងការបន្តរួមអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទ នៅកម្ពុជាឱ្យល្អប្រសើរដូចប្រទេស រីកចម្រើនផ្សេងទៀតផងដែរ ។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៨មក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តព្រះសីហនុ ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តប៉ៃលិន ខេត្តកណ្ដាល និងខេត្តព្រៃវែងរួចមកហើយ ហើយក្រុមហ៊ុននឹងបន្តដំណើរនិងចែករំលែកចំណេះជំនាញវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។

សូមជម្រាបថា ប្រសិនបើលោកអ្នកចង់ដឹងព័ត៌មានបន្ថែម ឬចុះឈ្មោះចូលរួមសិក្ខាសាលាតាមបណ្ដាខេត្តនេះ សូមទំនាក់ទំនងមកក្រុមហ៊ុនយើងខ្ញុំតាមរយៈគេហទំព័រ www.goldenfxlink.com ឬទំព័រហ្វេសប៊ុក Golden FX Link Capital Co., Ltd. ឬទូរស័ព្ទមកលេខ 023 22 6666 ៕

To Top
×