ភ្នំពេញ៖ នារសៀលថ្ងៃទី៣០ ខែកក្កដា នៅរាជធានីភ្នំពេញ ពិធីបូកសរុប និងប្រគល់រង្វាន់សម្រាប់កម្មវិធីរត់ម៉ារ៉ាតុង “BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរ ឆ្នាំ២០២៤” បានប្រព្រឹត្តទៅ រួមជាមួយនឹងថវិកាឧបត្ថម្ភប្រគល់ជូន មន្ទីរពេទ្យជោរៃភ្នំពេញ។
![](https://dap-news.com/wp-content/uploads/2024/07/T1A7680-1024x683.jpg)
ការរត់បានក្លាយជាកីឡាដ៏ពេញនិយម សម្រាប់ការហ្វឹកហាត់និងបានបញ្ចូលទៅក្នុង របៀបរស់នៅរបស់មនុស្សជាច្រើននៅក្នុងសហគមន៍។ ថ្មីៗនេះ កម្មវិធី រត់ម៉ារ៉ាតុង “BIDC & Metfone រត់ដើម្បីជីវិតកាន់តែប្រសើរ ឆ្នាំ២០២៤” បានចាប់ផ្តើមជាផ្លូវការជាលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដោយបានទាក់ទាញអត្តពលិកជិត ២.០០០នាក់ មកពីទូទាំងប្រទេស។ ព្រឹត្តិការណ៍នេះរៀបចំដោយ BIDC និង Metfone បានប្រើប្រាស់បច្ចេកវិទ្យា ដើម្បីកត់ត្រាលទ្ធផលតាមអ៊ីនធឺណិត។
![](https://dap-news.com/wp-content/uploads/2024/07/T1A7685-1024x683.jpg)
លើសពីព្រឹត្តិការណ៍កីឡាមួយ សម្រាប់រាល់ការរត់គីឡូម៉ែត្រ ដែលមានសុពលភាពក្នុងកម្មវិធី ប្រព័ន្ធបំប្លែងចម្ងាយទៅជា វិភាគទានជាក់លាក់ចំនួន ៥០០រៀល/គីឡូម៉ែត្រ (គណនាដោយផ្អែកលើគីឡូម៉ែត្រ សរុបដែលបានបញ្ចប់ដោយអត្តពលិក)។ សមិទ្ធិផលដែលកំពុងដំណើរការទាំងអស់ ត្រូវបានបំប្លែងទៅជាប្រាក់ដុល្លារ និងបរិច្ចាគដោយអ្នករៀបចំ ជូនមន្ទីរពេទ្យជោរៃភ្នំពេញ ក្នុងគោលបំណងជួយដល់សកម្មភាព ថែទាំសុខភាពសហគមន៍របស់មន្ទីរពេទ្យ។
![](https://dap-news.com/wp-content/uploads/2024/07/T1A7517-1024x683.jpg)
នៅចុងបញ្ចប់នៃកម្មវិធី គីឡូម៉ែត្រដែលបានកត់ត្រា ត្រូវបានបំប្លែងទៅជាថវិកាជិត ៦៣លានរៀល (ស្មើនឹងជាង ១៥.២៥៧ដុល្លារអាមេរិក) ក្នុងការបរិច្ចាគសប្បុរសធម៌ ដោយជាង ១០០.០០០ គីឡូម៉ែត្របានបញ្ចប់ដោយអត្តពលិកជិត ២.០០០នាក់ ក្នុងរយៈពេលមួយខែ។
បន្ទាប់ពីការប្រកួតប្រជែង ព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ ពិតជាមានការទាក់ទាញ ក្នុងសហគមន៍ ដោយបង្កើតតម្លៃវិជ្ជមាន និងសម្រេចបាននូវគោលដៅ ដែលអ្នករៀបចំបានកំណត់។ ដោយមានបំណងចង់លើកកម្ពស់ ការស្រលាញ់កីឡាជាទូទៅ ការរត់ជាពិសេស និងស្មារតីមនុស្សធម៌នៃការរត់នេះ មិត្តហ្វូនបានប្រកាសថា ខ្លួននឹងបន្តរៀបចំសកម្មភាពលើកកម្ពស់កីឡា លើកកម្ពស់សុខភាព និងធ្វើការឆ្ពោះទៅរកសង្គមកាន់តែប្រសើរឡើង ៕
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)