អត្ថបទ

ជីប ម៉ុង ឧបត្ថម្ភសម្ភារៈបរិក្ខារពេទ្យចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ក្នុងឱកាសទិវានារីអន្តរជាតិ

(ភ្នំពេញ)៖ ជាសហគ្រិនខ្មែរ ដែលតែងតែចូលរួមទ្រទ្រង់វិស័យសុខាភិបាល និងយកចិត្តទុកដាក់ដល់សុខុមាលភាពរបស់ប្រជាជន ជីប ម៉ុង បានប្រគល់សម្ភារៈបរិក្ខារពេទ្យចំនួន ១០០ គ្រឿងដល់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសៈនាព្រឹកថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៦ ក្រោមវត្តមានលោកអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង។

ឆ្លៀតក្នុងឱកាសទិវានារីអន្តរជាតិ អ្នកឧកញ៉ា លាង ម៉េង ក៏បានគោរពអរគុណដល់ការលះបង់ដ៏ធំធេងរបស់អ្នកគ្រូពេទ្យ គិលានុបដ្ឋាយិកា និងបុគ្គលិកផ្នែកសុខាភិបាលទាំងអស់ ដែលខិតខំបម្រើប្រជាជនកម្ពុជា តាមជំនាញបច្ចេកទេសរៀងខ្លួន ព្រមទាំងអ្នកម្តាយគ្រប់រូប ដែលបានលះបង់ដើម្បីសុភមង្គលគ្រួសារ និងធនធានមនុស្សនៅក្នុងសង្គម។

ការឧបត្ថម្ភមួយផ្នែកនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពព្យាបាលនៅក្នុងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ជាពិសេសលើតម្រូវការសម្ភារៈបរិក្ខារពេទ្យក្នុងការផ្តល់សេវាព្យាបាលជូនប្រជាពលរដ្ឋ ខណៈពេលដែលចំនួនពលរដ្ឋដែលមកទទួលសេវាវេជ្ជសាស្រ្តនៅទីនេះ តែងតែកើនឡើងជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ ថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ជីប ម៉ុង ក៏បានចុះជួបសំណះសំណាលសួរសុខទុក្ខដល់បងប្អូនខ្មែរ ដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ។

ជាគំរូដ៏ប្រពៃ ដែលបង្ហាញពីទំនួលខុសត្រូវរួមរបស់សហគ្រិនខ្មែរ ជីប ម៉ុង តែងតែចូលរួមយ៉ាងសកម្មជាមួយវិស័យសុខាភិបាលនៅកម្ពុជា ដូចជាការឧបត្ថម្ភទៅកាន់មូលនិធិគន្ធបុប្ជាកម្ពុជា, យុទ្ធនាការណ៍ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩, មន្ទីរពេទ្យ ហ្លួងម៉ែ, មន្ទីរពេទ្យកាល់ម៉ែតជាដើម។ ថ្មីៗនេះ ជីប ម៉ុង ក៏បានប្រកាសឧបត្ថម្ភថវិកាចំនួន ១ លានដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១៦៣ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ ២០២៦ ដើម្បីបន្តគាំទ្រដល់សកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជាផងដែរ។

ស្មារតីរួបរួមគ្នា ខ្មែរស្រលាញ់ខ្មែរ!

To Top