Covid-19

សម្ដេចតេជោ៖ ការដាក់ខ្លួនអោយ នៅដាច់ដោយឡែក ជាបណ្ដោះអាសន្ន គឺដើម្បីសុខភាពផ្ទាល់ខ្លួន និងអ្នកដទៃ

ភ្នំពេញ៖ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារណែនាំទៅកាន់ បងប្អូនប្រជាពលរដ្ឋ ដែលទើប ធ្វើមាតុភូមិនិវត្តន៍ មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ឲ្យដាក់ខ្លួននិងក្រុមគ្រួសារ អោយនៅដាច់ដោយឡែកចំនួន ១៤ ថ្ងៃ ក្នុងពេលដែលរង់ចាំ លទ្ធផលនៃការពិនិត្យសុខភាព។

សម្ដេចតេជោបានសរសេរ នៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ នេះថា “អរគុណបងប្អូន និងកូនក្មួយពលករ ដែលទើបបានវិលត្រឡប់ មកពីប្រទេសថៃ និងពីប្រទេសដទៃៗទៀត ដែលយល់ដឹងពីការទប់ស្កាត់ នៃការរីករាលដាលជំងឺឆ្លងកូវីឌ-១៩ ដោយបានដាក់ខ្លួន និងក្រុមគ្រួសារ អោយនៅដាច់ដោយឡែក ចំនួន ១៤ ថ្ងៃ ក្នុងពេលដែលរង់ចាំលទ្ធផល នៃការពិនិត្យសុខភាព។”

សម្ដេចបញ្ជាក់បន្ថែមថា “ការដាក់ខ្លួនអោយនៅដាច់ដោយឡែក ជាបណ្តោះអាសន្នមួយរយៈនេះ គឺដើម្បីសុខភាពផ្ទាល់ខ្លួនផង និងដើម្បីទប់ស្កាត់ និងកាត់បន្ថយការរីករាលដាល នៃការឆ្លងមេរោគ ពីគេមកយើងផង នឹងពីយើងទៅគេផងដែរ”។

សម្ដេចបន្ថែមថា សូមបន្តធ្វើតាមការណែនាំ របស់ក្រសួងសុខាភិបាល និងសហការជាមួយមន្ទីរពេទ្យ ក្នុងករណីមានការសង្ស័យណាមួយ សូមខលលេខ ១១៥ ។

សូមរំលឹកថា បើតាមរបាយការណ៍ ពីក្រសួងបានឲ្យដឹងថា គិតមកដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ នេះបងប្អូនកូនក្មួយពលករ ដែលបានវិលត្រឡប់ មកពីប្រទេសថៃ មានចំនួនប្រមាណ ៥ម៉ឺននាក់ ហើយដែលចំនួននេះ នឹងមានមកជាបន្តបន្ទាប់ទៀត ដែលអាចនឹងកើន ទៅដល់៦ម៉ឺននាក់ ៕ ដោយ៖ បាន ធារ៉ូ

To Top