ព្រឹត្តិការណ៍ប្រចាំថ្ងៃ

រដ្ឋមន្ត្រីការបរទេសអាមេរិក កំពុងស្ថិតក្នុងប្រទេស ឥណ្ឌូនេស៊ី ស្របពេលអាមេរិក ព្យាយាមបង្កើនចំណងមិត្តភាព នៅអាស៊ីអាគ្នេយ៍ 

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃចន្ទនេះ បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ី ដែលជាការចាប់ផ្តើមដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពនៅក្នុងតំបន់ ដែលនាពេលថ្មីៗនេះ បានក្លាយជាសមរភូមិយុទ្ធសាស្ត្រ រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងប៉េកាំង។

នៅក្នុងដំណើរទស្សនកិច្ចតំបន់អាស៊ីអាគ្នេយ៍ ជាលើកដំបូងរបស់លោក ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ឡើងកាន់តំណែងនៅក្នុងខែមករាមកនោះ លោក Antony Blinken នឹងបន្តដំណើរទៅប្រទេសម៉ាឡេស៊ី និងប្រទេសថៃ នៅក្នុងសប្ដាហ៍នេះ ក្រោយធ្វើទស្សនកិច្ចរដ្ឋធានី Jakarta ប្រទេសឥណ្ឌូនេស៊ី ជាទីដែលលោកនឹងជួបជាមួយលោកប្រធានាធិបតី Joko Widodo ហើយនឹងថ្លែងសុន្ទរកថាស្តីពីយុទ្ធសាស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិករបស់អាមេរិក នៅថ្ងៃអង្គារស្អែកនេះ។

លោក Antony Blinken នឹងបង្ហាញពីគោលបំណងរបស់លោក ចូ បៃដិន ក្នុងការបង្កើនចំណងទាក់ទងជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលមានសមាជិក១០ប្រទេស ហើយនិងពិភាក្សាអំពីចក្ខុវិស័យរបស់ប្រធានាធិបតីអាមេរិក សម្រាប់ទម្រង់ការងារសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក។

គឺបញ្ជាក់ថា តំបន់អាស៊ីអាគ្នេយ៍ គឺជាឆាកដ៏សំខាន់មួយ សម្រាប់គូបដិបក្ខរវាងអាមេរិកនិងចិន ដែលសុទ្ធតែជាមហាអំណាចសេដ្ឋកិច្ចដ៏បំផុតលើពិភពលោក ជាមួយការបង្កើនការប្រជែងយកឥទ្ធិពល ស្របពេលដែលរដ្ឋបាលលោក បៃដិន ស្វះស្វែងផ្សារភ្ជាប់ជាមួយតំបន់ឡើងវិញ៕ប្រែសម្រួល៖ប៉ាង កុង

To Top