កម្សាន្ត

ព្រាប សុវត្ថិ ៖ ការចាកចេញរបស់ខ្ញុំ គឺមានតែស្នាម ញញឹម និងក្ដីរំភើប

ភ្នំពេញ៖ ធ្លាប់រស់ក្រោមដំបូល ហង្សមាស អស់រយៈ ពេល២៣ឆ្នាំ ហើយបានផ្លាស់ទៅផលិតកម្មថ្មី កំពូលតារាចម្រៀង ព្រាប សុវត្ថិ បាន ពោលពាក្យថា ការចាកចេញរបស់លោក នៅពេលនេះ គ្មានអ្វីឡើយជាមួយផលិតកម្មចាស់ គឺមានតែស្នាមញញឹម និងក្តីរំភើបរីករាយប៉ុណ្ណោះ។

ការមករស់នៅក្នុងផលិតកម្ម ដែលទើបបង្កើតឡើងថ្មី ហើយមានម្ចាស់ជាឧកញ៉ាវ័យក្មេងល្បីឈ្មោះ ឡេង ណាវ៉ាត់ត្រា គឺ Galaxy Navatraនោះ គឺលោក ឧកញ៉ា បានធ្វើកម្មវិធីទទួល ស្វាគមន៍យ៉ាងគគ្រឹក គគ្រេង កាលពីរាត្រីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅសណ្ឋាគារយ៉ាងទំនើប ស្ថិតនៅតាមបណ្តោយវិថីឈ្នះ ឈ្នះ ។

ក្នុងកម្មវិធីទទួលនោះលោក ព្រាប សុវត្ថិ ឆ្លើយតប ទៅសំណួរអ្នកសារព័ត៌មានថា រយៈពេល២៣ឆ្នាំកន្លងមកនេះ ជារឿងជោគជ័យរបស់លោក ។ ភាពជោគជ័យនេះហើយ ដែលនាំឲ្យលោកមានថ្ងៃនេះ ។

តារាចម្រៀងជើងចាស់ ដែលប្រឡូកក្នុងវិស័យសិល្បៈ ជាង២ទស្សវត្ស បានបញ្ជាក់ថា “រហូតមកដល់ពេលនេះ រយៈពេល២៣ឆ្នាំ កន្លងមកនេះជារឿងមួយទទួល ជោគជ័យរបស់ខ្ញុំ ។ ភាពជោគជ័យនេះហើយ ដែលនាំឲ្យខ្ញុំមានថ្ងៃនេះ ជួបបងប្អូនទាំងអស់គ្នា ហើយក៏សូមថ្លែងអរគុណ ការរួមដំណើរជាមួយគ្នា រហូតឆ្នាំ៩៧ ដល់២០២០ ។ រយៈពេល២៣ឆ្នាំ គឺជាអនុស្សាវរីយ៍មួយ យ៉ាងល្អសម្រាប់គ្នា ដែលពួកយើងមិនអាចបំភ្លេច បានគ្នានិងគ្នា ។ ពួកយើងកាន់ដៃគ្នា រហូតមកគឺពួកយើងទទួលតែភាពជោគជ័យ សម្រាប់ និងក្រុមហ៊ុនក៏ដូចជា សម្រាប់អ្វីដែលជាការងារ របស់ខ្ញុំ ដែលខ្ញុំបណ្ដើរគ្នា ជាមួយក្រុមហ៊ុន” ។

លោកបន្តថា “មកដល់ពេលនេះ ការចាកចេញ របស់ខ្ញុំ គឺខ្ញុំមានតែស្មាមញញឹម មានតែក្ដីរំភើប មានតែក្ដីសប្បាយ និងការងាររបស់ខ្ញុំ ដែលខ្ញុំទទួលបានជោគជ័យ ជាមួយនឹងក្រុមហ៊ុន ដែលទទួលបានជោគជ័យ មកដល់ថ្ងៃនេះ ។ ចឹងការជោគជ័យនេះ គឺជារឿងមួយដែលល្អរវាងគ្នានឹងគ្នា ដែលពួកយើងទទួលបានជោគជ័យ “។

លោក ព្រាប សុវត្ថិ ក៏បានថ្លែងអំណគុណក្រុមហ៊ុន ហង្សមាស ក៏ដូចជារស្មីហង្សមាស និងក្រុមគ្រួសារ ហង្សមាសទាំងអស់ ដែលធ្លាប់ធ្វើការជាមួយគ្នា។

ជាមួយគ្នានោះដែរ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់ថា មិនមានការចំណាយណាមួយសម្រាប់ឲ្យលោក ព្រាប សុវត្ថិ មកGalaxy Navatra ទេ។

លោកថា គាត់មកនេះដោយសារ ការស្រឡាញ់ពិតប្រាកដ និងចង់ផ្លាស់ប្ដូរបទពិសោធន៍ ។

សូមរំលឹកថា លោក ព្រាប សុវត្ថិ បានចូលច្រៀងផលិតកម្មហង្សមាស នៅឆ្នាំ១៩៩៧ ។ ក្នុងរយៈពេល២៣ឆ្នាំមកនេះ លោកបានបង្កើតស្នាដៃជាច្រើន នៅក្នុងផលិតកម្មយក្សមួយនេះ ហើយប៉ុន្មានឆ្នាំមុននេះ លោកបាននាំកូនប្រុស មកច្រកក្រោមទ្រនំហង្សមាសផងដែរ ដោយពួកគេបានច្រៀងចម្រៀង ច្រើនអាល់ប៊ុម ៕ ដោយ ញិល សុខសាន្ត

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top