ស្ថានភាពជំនន់ទឹកភ្លៀង

ជំនន់ទឹកភ្លៀង ហូរចាក់មកពីប្រទេសថៃ កំពុងវាយលុកយ៉ាងខ្លាំង ចូលស្រុកថ្មពួក និងក្រុងប៉ោយប៉ែត

ភ្នំពេញ៖ លោក អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ នៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ បានដឹកនាំកម្លាំងចម្រុះរួមមាន នគរបាល កងរាជអាវុធហត្ថ កម្លាំងយោធា និងអាជ្ញាធរមូលដ្ឋាន ចុះអន្តរាគមន៍ជួយជម្លៀសពលរដ្ឋ នៅក្នុងស្រុកថ្មពួក ដែលកំពុង រងការជន់លិចដោយជំនន់ទឹកភ្លៀងទៅកាន់ទៅទួលមានសុវត្ថិភាព ។

តាមហ្វេសប៊ុកផេកផ្លូវការរបស់ខ្លួន លោក អ៊ុ រាត្រី បានថ្លែងថា យប់នេះលោកបានដឹកនាំ កម្លាំងចុះជួួយជម្លៀស ប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តស្រុកថ្មពួក ព្រោះស្ថានភាពទឹកជំនន់ហក់ឡើងខ្លាំង ដោយសារទឹកហូរធ្លាក់ មកពីថៃច្រើន មួយចំនួនទៀត គឺបណ្តាលមកពីភ្លៀង បន្តធ្លាក់អត់ឈប់។

ទន្ទឹមគ្នានោះគ្នា ក្នុងនាមអាជ្ញារធរខេត្ត លោកសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយត្ន័ឲ្យបានខ្ពស់ព្រោះទឹកជំនន់នៅតែបន្តកើតមាន ហើយក៏ងាយបង្កគ្រោះថ្នា ក់ដល់បងប្អូនផងដែរ ប្រសិនបើមានការធ្វេសប្រហែស។

ចំពោះពលរដ្ឋ ដែលប្រឈមការលិចលង់ ឬមើលឃើញថា អាចលិចកាន់តែខ្លាំង មិនអាចនៅក្នុងផ្ទះ បន្តបានសូមរាយការណ៍ មកអាជ្ញាធរឬសមត្ថកិច្ច ដែលនៅជិតបំផុត ដើម្បីឲ្យក្រុមអ្នកសង្គ្រោះ បានចុះទៅជួយទាន់ពេលវេលា ពិសេសគ្រួសារពលរដ្ឋ ដែលមានអ្នកជម្ងឺ ចាស់ជរា ស្រ្តីពោះធំ ស្រី្តទើបឆ្លងទន្លេ និងផ្ទះដែលមានកុមារតូចៗច្រើន។

ជាមួួយគ្នា នេះផងដែរ នៅម៉ោង១០និង៤៥នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងក្រុមការងារក្រុង សង្កាត់ ភូមិ សមត្ថកិច្ចពាក់ព័ន្ធ បានចុះពិនិត្យកន្លែងទីទួលសុវត្ថិភាព និងបានជន្លៀស ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ ដោយទឹកជំនន់ នៅតាមមាត់អូរព្រំដែន ភូមិប៉ោយប៉ែត ភូមិគីឡូលេខ៤ ។

អាជ្ញាធរក្រុងប៉ោយប៉ែត ក៏បានអំពាវនាវសូមអោយបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ជាពិសេសអ្នកដែលនៅ តាមមាត់ អូរ ស្ទឹង ៕

To Top