ព័ត៌មានអន្តរជាតិ

ជប៉ុននិងកូរ៉េខាងត្បូង ព្រមព្រៀងគ្នា ធ្វើជំនួបកំពូល នៅខែក្រោយ

បរទេស៖ ប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង តាមសេចក្តីរាយការណ៍ បានព្រមព្រៀងគ្នា ប្រារព្ធធ្វើកិច្ចពិភាក្សាផ្លូវការ នៅខែក្រោយ ជាការបោះជំហាន ទៅរកការធ្វើឲ្យ ប្រសើរឡើងវិញ នូវចំណងមិត្តភាព ដែលជាប់គាំង ដោយសារភាពល្វីងជូរចត់ ជាច្រើនទសវត្ស ក្នុងអំឡុងសម័យសង្គ្រាម ហើយក្នុងពេល បច្ចុប្បន្ននេះ កាន់តែធ្ងន់ធ្ងរ ទៅព្រោះជម្លោះជំនួញ។

យោងតាមប្រភព ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស នៃប្រទេសកូរ៉េខាងត្បូង លោក Kang Kyung-wha បាននិយាយប្រាប់ អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “យើងបានទិញពេលវេលា សម្រាប់ការពិភាក្សាគ្នា ដ៏តានតឹងនេះ ប៉ុន្តែមានពេលសេសសល់ មិនច្រើននោះទេ សម្រាប់យើង”។

គួរបញ្ជាក់ថា ការសម្រេចចិត្តវិលទៅរកតុ ចរចាគ្នាវិញនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃបន្ទាប់ ពីទីក្រុងសេអ៊ូល វិលទៅប្រកាន់ខ្ជាប់ នូវកិច្ចព្រមព្រៀង ចែករំលែកព័ត៌មានសម្ងាត់ ជាមួយជប៉ុនវិញ ហើយនៅថ្ងៃសៅរ៍សប្ដាហ៍នេះ កូរ៉េខាងត្បូង បានធ្វើការសរសើរចំពោះ ទង្វើរបស់ខ្លួនឯងថា ជាសកម្មភាពដ៏សំខាន់ ក្រោយចំណងមិត្តភាព ធ្លាក់ចុះជាខ្លាំង អស់ពេលជាច្រើនខែ៕

ប្រែសម្រួល៖ប៉ាង កុង

To Top