ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីវៀតណាម សន្យាថា នឹងបង្កើតលក្ខខណ្ឌល្អប្រសើរ សម្រាប់សហគ្រាសអាមេរិក

ហាណូយ៖ នាយករដ្ឋមន្រ្តី លោក ង្វៀន ស៊ុនហ្វុក បានអះអាងនូវការប្តេជ្ញាចិត្ត របស់រដ្ឋាភិបាលវៀតណាម ក្នុងការធ្វើកំណែទម្រង់ បរិយាកាសធុរកិច្ចរបស់ប្រទេស និងផ្តល់ការគាំទ្រដែលអាចធ្វើទៅបាន សម្រាប់សហគ្រាសបរទេស រួមទាំងសហរដ្ឋអាមេរិកផងដែរ ដើម្បីធ្វើជំនួញនៅវៀតណាម។

យោងតាមសារព័ត៌មាន Vietnam News ក្នុងឱកាសទទួលភ្ញៀវនៅទីក្រុង ហាណូយ កាលពីថ្ងៃម្សិលមិញសម្រាប់ គណៈប្រតិភូមកពីក្រុមប្រឹក្សា ធុរកិច្ចអាមេរិក – អាស៊ាន (USABC) ដែលដឹកនាំដោយលោក Keith Williams ជាប្រធាន, នាយករដ្ឋមន្រ្តី វៀតណាម បាននិយាយថាខ្លួន ខ្លួនលោកផ្ទាល់ និងរដ្ឋមន្ត្រីផ្សេងទៀត តែងតែយកចិត្តទុកដាក់ ក្នុងការអនុម័តនិងពន្លឿន ការអនុវត្តគម្រោងសំខាន់ៗ របស់សហរដ្ឋអាមេរិក នៅវៀតណាម។

ដោយលើកឡើងពីគោលបំណង របស់វៀតណាម ក្នុងការសំរេចបាននូវពាណិជ្ជកម្ម ប្រកបដោយតុល្យភាព ជាមួយសហរដ្ឋអាមេរិក លោក ង្វៀន ស៊ុនហ្វុក បានស្នើឱ្យ USABC គួរតែដើរតួនាទីកាន់តែធំ ក្នុងការលើកកម្ពស់ ចំណងទាក់ទងទ្វេភាគី និងលំហូរនៃការវិនិយោគ របស់សហរដ្ឋអាមេរិក ចូលទៅក្នុងប្រទេសវៀតណាម។

ប្រមុខរដ្ឋាភិបាលវៀតណាមរូបនេះ ក៏បានជំរុញឱ្យក្រុមហ៊ុនអាមេរិក បន្តយកចិត្តទុកដាក់ ដល់ទីផ្សារវៀតណាម វិនិយោគដោយផ្ទាល់ និងដោយប្រយោលលើវិស័យនានា នៃតម្រូវការរបស់វៀតណាម ដូចជាហេដ្ឋារចនាសម្ព័ន្ធ អាកាសចរណ៍ និងហិរញ្ញវត្ថុ – ធនាគារ៕
ប្រែសម្រួលៈ ណៃ តុលា

To Top
×