ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីចិន ចេញមុខអំពាវនាវ ឱ្យរដ្ឋាភិបាលក្រុងហុងកុង បញ្ចប់ភាពវឹកវរ ហើយស្តារសណ្តាប់ធ្នាប់ ក្រុងឡើងវិញ

ប៉េកាំង៖ កាសែត South China Morning Post បានរាយការណ៍ថា លោកលី ខឹឈាង នាយករដ្ឋមន្រ្តីចិន បានជំរុញឱ្យលោកស្រី ខារី ឡាំ នាយកប្រតិបត្តិហុងកុង នៅថ្ងៃច័ន្ទនេះបញ្ចប់ភាពវឹកវរស៊ីវិល នៅក្នុងទីក្រុងនិងដោះស្រាយ បញ្ហានយោបាយនិងសេដ្ឋកិច្ចដែលបណ្តាលមកពីភាពចលាចល ជាច្រើនខែនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា លោកស្រី ឡាំ បានមកដល់ទីក្រុងប៉េកាំង សម្រាប់ដំណើរបំពេញកាតព្វកិច្ច ប្រចាំឆ្នាំរបស់ខ្លួន ដែលក្នុងអំឡុងពេលនោះលោកស្រី បានរាយការណ៍អំពីស្ថានភាពនៅហុងកុងទៅកាន់អាជ្ញាធរចិន។ នាយកប្រតិបត្តិក្រុងហុងកុង រូបនេះរំពឹងថា នឹងជួបជាមួយប្រធានាធិបតីចិនលោក ស៊ី ជិនពីង ផងដែរ។

កាសែត South China Morning Post បានផ្សាយដោយស្រង់សម្តីរបស់លោក លី ខឹឈាងថា «រដ្ឋាភិបាលកណ្តាលទទួលស្គាល់យ៉ាង ពេញលេញនូវការខិតខំប្រឹងប្រែងរបស់អ្នក [ លោកស្រី ឡាំ] និងរដ្ឋាភិបាលទីក្រុងហុងកុង។ ទីក្រុងហុងកុងមិនទាន់ចេញផុតពីការលំបាកនៅឡើយទេ។ រដ្ឋាភិបាលទីក្រុងត្រូវតែបន្តខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អំពើហឹង្សា និងបញ្ចប់ភាពវឹកវរ ដោយអនុលោមទៅតាមច្បាប់ ហើយត្រូវស្តារសណ្តាប់ធ្នាប់ឡើងវិញ»។

យោងតាមនាយករដ្ឋមន្រ្តីចិនរូបនេះ វាមានសារៈសំខាន់ណាស់ក្នុងការវិភាគ ជម្លោះនិងបញ្ហា ដែលមានជាយូរមកហើយទាក់ទង នឹងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក៏ដូចជាធានាឱ្យបាននូវសន្តិភាព និងស្ថិរភាព។

លោកលី ក៏បានសង្កត់ធ្ងន់លើការលំបាកក្នុង វិស័យសេដ្ឋកិច្ចដោយកត់សម្គាល់ថា ទីក្រុងកំពុងប្រឈមមុខនឹងស្ថានភាពធ្ងន់ធ្ងរនិងលំបាក៕ ប្រែសម្រួលៈ ណៃ តុលា

To Top