ព័ត៌មានអន្តរជាតិ

រញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រ នៅហ្វីលីពីន ស្លាប់មនុស្ស ៧នាក់ និងរបួសជិត ៤០នាក់

មូស្គូ៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ៧ នាក់បានស្លាប់ដោយសារ គ្រោះរញ្ជួយដីកម្រិត ៦.៨ រ៉ិចទ័រដែលបាន វាយប្រហារ ភាគខាងត្បូងកោះមីនដាណាវ របស់ប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ការរញ្ជួយដីត្រូវបានចុះបញ្ជីថា បានកើតឡើងកាលពី វេលាម៉ោង ០៦ និង ១១ នាទីព្រឹក នៅចម្ងាយ ៣ គីឡូម៉ែត្រភាគ អាគ្នេយ៍ទីក្រុង ម៉ាក់សាយសាយ។ របាយការណ៍ដំបូង បានបង្ហាញថា ក្មេងស្រីអាយុ ៦ ឆ្នាំម្នាក់បានស្លាប់ដោយ សារការរញ្ជួយដី ខណៈ ៣៧ នាក់ផ្សេងទៀត រងរបួស។

បើតាមកាសែត Philstar Global បានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសព ៦ នាក់ទៀតនៅក្នុងផ្សារទំនើប ដែលដួលរលំក្នុងទីប្រជុំជន Padada នៅថ្ងៃច័ន្ទនេះ ខណៈប្រតិបត្តិការជួយសង្គ្រោះ នៅតែបន្ត។

មុននេះមានសេចក្តីរាយការណ៍ថា មានមនុស្ស ៣ នាក់បានស្លាប់។ យ៉ាងហោចណាស់ការរញ្ជួយតូចៗចំនួន ១៧៩ លើក ត្រូវបានចុះបញ្ជីនៅក្នុង ខេត្តដាវៅឌែលសួរ ក្នុងរយៈពេល ៤ ម៉ោងដំបូង បន្ទាប់ពីការរញ្ជួយដី៕ប្រែសម្រួលៈ ណៃ តុលា

To Top