ព័ត៌មានអន្តរជាតិ

ការតវ៉ាប្រឆាំងច្បាប់ សិទ្ធិទទួលបាន ភាពជាពលរដ្ឋ ធ្វើឱ្យអ្នកស្លាប់កើនដល់ ១១នាក់ នៅរដ្ឋ Uttar Pradesh និងចាប់ខ្លួន១៥នាក់ នៅញូដេលី

ញូដេលី៖ ថ្វីបើមានវិធានការតឹងរ៉ឹង ដែលបានធ្វើឡើង ដោយរដ្ឋាភិបាលកណ្តាល និងប៉ូលីស នៅក្នុងប្រទេសឥណ្ឌា ដើម្បីទប់ស្កាត់ការតវ៉ា ដែលកំពុងកើត មាននៅទូទាំងប្រទេស ជុំវិញច្បាប់ស្តីពីសញ្ជាតិ ដែលមានភាពចម្រូងចម្រាស ក៏ដោយ ក៏បាតុកម្មបានក្លាយជា អំពើហឹង្សា នៅផ្នែកជាច្រើន នៃប្រទេស ដែលបណ្តាលឱ្យ មានមនុស្សស្លាប់ និងការវាយប្រហារ ដោយការដុតបំផ្លាញ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា ប៉ូលីសក្រុងដេលីបាន បញ្ជាក់កាលពីថ្ងៃសៅរ៍ថា ការចាប់ខ្លួន ១៥នាក់ ត្រូវបានធ្វើឡើង ហើយប្រហែល ៤០នាក់ ត្រូវបានឃុំខ្លួនពាក់ព័ន្ធ នឹងអំពើហឹង្សានៅ Daryaganj នៃទីក្រុងដេលី ដែលរថយន្តឯកជនមួយ ត្រូវបានគេដុត នៅខាងក្រៅស្ថានីយ៍ប៉ូលីស។ អ្នកដែលត្រូវចាប់ខ្លួន នឹងត្រូវបង្ហាញខ្លួន នៅតុលាការពេលក្រោយ។

នៅរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា តែមួយមានមនុស្សចំនួន ១១នាក់ ត្រូវបានសម្លាប់ ក្នុងការប៉ះទង្គិចគ្នា ដោយអំពើហិង្សា ជាមួយប៉ូលីស ក្នុងរយៈពេល ៣ ថ្ងៃ ដែលអ្នកស្លាប់ រួមទាំងក្មេងអាយុ ៨ ឆ្នាំម្នាក់ផង។ មនុស្សរាប់ពាន់នាក់ ត្រូវបានឃុំខ្លួន ហើយបណ្តឹងជាផ្លូវការ ត្រូវបានចុះបញ្ជីប្រឆាំង នឹងមនុស្សចំនួន ១ ម៉ឺននាក់នៅក្នុងរដ្ឋនេះ។

មនុស្ស ០៤នាក់ ក្នុងចំណោម អ្នកដែលបានបាត់បង់ជីវិត ត្រូវបានគេរាយការណ៍ មកពីស្រុក Meerut នៃរដ្ឋ Uttar Pradesh ហើយកុមារនេះ ត្រូវបានគេវាយសម្លាប់ នៅក្នុងការរត់ជាន់គ្នា នៅទីក្រុងបុរាណ Varanasi ។ មានសេចក្តីរាយការណ៍ អំពីការផ្ទុះអាវុធ នៅក្នុងទីក្រុង ប៉ូលីស ៦ នាក់ បានរងរបួស ក្នុងនោះម្នាក់ ក្នុងចំនោមពួកគេ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ៕
ប្រែសម្រួលៈ ណៃ តុលា

To Top