កេនយ៉ា៖ ក្រុមភេរវករអាល់សាបាប នៅប្រទេសសូម៉ាលី បានគំរាមវាយប្រហារ ទៅលើគោលដៅ របស់អាមេរិក នៅជុំវិញពិភពលោក បន្ទាប់ពីក្រុមនេះ បានវាយប្រហារយ៉ាងសាហាវ និងមិនធ្លាប់មានពីមុនមកលើកងកម្លាំង អាមេរិក ដែលឈរជើងនៅប្រទេសកេនយ៉ា។
ដោយទទួលបានជោគជ័យដែលមិន បានរំពឹងទុក នៃការវាយប្រហារកាលពីថ្ងៃអាទិត្យនៅមូលដ្ឋានយោធា មួយនៅតំបន់ Manda Bay ភាគខាងជើង នៃប្រទេសកេនយ៉ា ក្រុមជីហាដ ដែលជាបណ្តាញរបស់ក្រុម ភេរវករ អាល់កៃដា បានសន្យាថា នឹងមានការបង្ហូរឈាមបន្ថែមទៀតប្រឆាំងនឹង ទាហាននិងជន ស៊ីវិលអាមេរិក។
យោងតាមសារព័ត៌មាន The Telegraph ចេញផ្សាយកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ការវាយប្រហារដែលលាតត្រដាង នូវបញ្ហាកង្វះសន្តិសុខ ធ្វើឱ្យរដ្ឋបាលលោក ដូណាល់ ត្រាំ តស៊ូដើម្បីដោះស្រាយ បញ្ហាយោធាដែលកំពុងកើនឡើង និងគួរឱ្យកត់សម្គាល់នៅពេលដែល វាត្រូវបានគេយកចិត្តទុកដាក់ជាមុន ដោយការប្រឈមមុខ របស់ខ្លួនជាមួយប្រទេសអ៊ីរ៉ង់។
បញ្ជាការនៅអាហ្រ្វិករបស់ កងទ័ពអាមេរិក (AFRICOM) ហ៊ានសម្រេចចិត្តដើម្បី ឆ្លើយតបនឹងការវាយប្រហារនេះ ដោយបានបញ្ជូនកម្លាំងត្រៀម ប្រយុទ្ធទាហានទ័ព អាកាស ពីផ្នែកអាកាសទី ១០១ ទៅកាន់ភាគខាងជើង នៃប្រទេសកេនយ៉ា និងបង្កើនការវាយប្រហារ តាមអាកាសប្រឆាំង នឹងក្រុមភេរវករ អាល់សាបាប នៅជាប់ប្រទេស សូម៉ាលី។
ប៉ុន្តែគេមិនទាន់បានពន្យល់ ពីរបៀបដែលក្រុមអ្នកប្រយុទ្ធអ៊ិស្លាម និយមផ្តាច់ខ្លួន បំពាក់ដោយអាវុធស្រាល ប្រហែល មិនលើសពី ១៥ នាក់ទេ ដែលអាចឆ្លងចូល ប្រទេសកេនយ៉ា ដោយបានបោះជំហានទៅមុខ ឆ្ពោះទៅគុម្ពោតចម្ងាយ ៥០ ម៉ាយល៍ មុនពេលសម្លាប់ជនជាតិអាមេរិក ៣ នាក់ និងបានបំផ្លាញយន្ដហោះស៊ើបការណ៍ បច្ចេកវិទ្យាខ្ពស់ អស់៦ គ្រឿង។
ទោះបីជាក្រុមអាល់សាបាប បានស៊ីឈ្នួល ធ្វើការវាយប្រហារប្រឆាំង នឹងរដ្ឋាភិបាលសូម៉ាលី និងកងកម្លាំងបរទេស ដែលឈរជើង នៅប្រទេសសូម៉ាលីអស់ រយៈពេលជាងមួយ ទសវត្សរ៍ក៏ដោយ គ្រាន់តែនៅក្នុងខែកញ្ញាដែលក្រុមនេះបានចាប់ផ្តើម តម្រង់គោលដៅ សហរដ្ឋអាមេរិក យ៉ាងខ្លាំងក្លា។
ការគំរាមវាយប្រហារអាមេរិក ដែលលត្រូវសង្កត់យ៉ាងធ្ងន់នេះ ត្រូវបានគេមើល ឃើញថា ជាផ្នែកមួយនៃការសងសឹកចំពោះ ការកើនឡើង នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើករបស់សហរដ្ឋអាមេរិក ដែលផ្តោតលើការដឹកនាំរបស់ក្រុមខ្លួន ចាប់តាំងពីលោកដូណាល់ត្រាំ បានក្លាយជាប្រធានាធិបតី នៅខែមករា ឆ្នាំ ២០១៧ ។
ការវាយប្រហាររបស់ពួក សាបាប ទៅលើកងទ័ពអាមេរិកដែល ឈរជើងនៅ Baledogle ជិតរដ្ឋធានីសូម៉ាលីកាលពីចុងឆ្នាំមុន មិនបានធ្វើឱ្យមានគ្រោះថ្នាក់ដល់ ជនរងគ្រោះឡើយ។ ចាប់តាំងពីពេលនោះ មកលោក Ahmed Diriye ដែលជាមេដឹកនាំ ក្រុមភេរវករនេះ បានណែនាំគ្រប់អង្គភាពទាំងអស់ ក៏ដូចជាក្រុមអាហ្រ្វិកខាងកើត ឱ្យផ្តោតអារម្មណ៍ ស្ទើរតែទាំងស្រុង ទៅលើការវាយប្រហារ របស់ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន៕ប្រែសម្រួលៈ ណៃតុលា