ព័ត៌មានអន្តរជាតិ

មីស៊ីល ៣គ្រាប់ វាយប្រហារ ចំស្ថានទូតអាមេរិក នៅក្រុង បាកដាដ, អាមេរិកប្រើឧទ្ធម្ភាគចក្រ ជម្លៀសមនុស្សចេញពីស្ថានទូត

បរទេស៖ ប្រភពពីអ៊ីរ៉ាក់បាននិយាយថា គ្រាប់រ៉ុក្កែតចំនួន ៥ គ្រាប់ បានធ្លាក់នៅតំបន់បៃតង ក្នុងទីក្រុងបាកដាដ ប្រទេស អ៊ីរ៉ាក់ កាលពីព្រឹកថ្ងៃ កន្លែងដែលមានស្ថានទូតអាមេរិក និងអគាររដ្ឋាភិបាលអ៊ីរ៉ាក់ ជាច្រើនស្ថិតនៅ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Sputnik កាលពីថ្ងៃទី២៦មករា។

សារព័ត៌មាន Al Arabiya ត្រូវបានAFP ដកស្រង់ការផ្សាយកាលពីថ្ងៃអាទិត្យថា គ្រាប់រ៉ុក្កែត ៣ គ្រាប់បានវាយប្រហារស្ថានទូតអាមេរិកនៅទីក្រុងបាកដាដ រដ្ឋធានីអ៊ីរ៉ាក់ ដោយមួយគ្រាប់បានវាយប្រហារចំភោជនីយដ្ឋាន។

ទូរទស្សន៍ Al Sumaria TV របស់អ៊ីរ៉ាក់បានដកស្រង់សំដីប្រភពសន្តិសុខមួយថា មានអ្នកស្លាប់និងរបួសជាច្រើននាក់ ដោយសារការវាយប្រហារនេះ ហើយឧទ្ធម្ភាគចក្រ កំពុងធ្វើការជម្លៀសអ្នកដែលនៅខាងក្នុងស្ថានទូត និងនៅលើទឹកដីរបស់ខ្លួន។

ទីភ្នាក់ងារនោះបានបន្ថែមថា យន្តហោះរបស់អាមេរិកត្រូវបានគេប្រទះ ឃើញហោះលើកន្លែងកើតហេតុ ហើយបន្ទាប់មក យន្តហោះនោះបានចុះចតនៅខាងក្នុងបរិវេណស្ថានទូត។

សូមជម្រាបថា “ តំបន់បៃតង” របស់ទីក្រុងបាកដាដ ដែលស្ថានទូតអាមេរិកតាំងនៅ បច្ចុប្បន្នជាគោលដៅនៃការវាយប្រហារជាច្រើន។ ទូរទស្សន៍ Al Sumaria បានរាយការណ៍ថា ការផ្ទុះចុងក្រោយបង្អស់បានកើតឡើងនៅមុនថ្ងៃនោះ នៅពេលគ្រាប់រ៉ុក្កែត Katyusha ៣ គ្រាប់បានធ្លាក់នៅក្បែរស្ថានទូតអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top