សេអ៊ូល៖ ជាមួយ នឹងតម្រូវការរបាំងមុខ ឬម៉ាស់ដែលកំពុងកើនឡើង ចំពេលមានការភ័យខ្លាច ចំពោះមេរោគឆ្លងថ្មីនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យបានប្រកាសផែនការដាក់ទណ្ឌកម្មលើអ្នកលក់ ដែលរំខានដល់ទីផ្សារ។
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ ដែលធ្វើឡើងដោយរដ្ឋមន្រ្តី ក្រសួងសុវត្ថិភាពចំណីអាហារ និងគ្រឿងញៀនលោក Lee Eui-kyung បានលើកឡើងថា រដ្ឋាភិបាលកំពុងត្រួតពិនិត្យ យ៉ាងយកចិត្តទុកដាក់ ចំពោះអ្នកលក់ដុំនិងអ្នកលក់រាយ តាមអ៊ីនធឺណិត ដែលសង្ស័យថាឡើងថ្លៃហួសហេតុ។
រដ្ឋាភិបាលគ្រោង នឹងកែសម្រួលបទប្បញ្ញត្តិពាក់ព័ន្ធជាបន្ទាន់ ដើម្បីផ្តន្ទាទោសអ្នកលក់បែបនេះ ដោយដាក់ពន្ធនាគាររហូតដល់ ២ ឆ្នាំឬពិន័យជាប្រាក់រហូតដល់ ៥០ លានវ៉ុន (៤១,៨៥៩ ដុល្លារអាមេរិក) ៕
ដោយ ឈូក បូរ៉ា