ព័ត៌មានអន្តរជាតិ

អាមេរិក និងមេបក្សប្រឆាំងវ៉េណេស៊ុយអេឡា ប្តេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែង បណ្តេញប្រធានាធិបតី ម៉ាឌូរ៉ូ ចេញពីតំណែង

បរទេស៖ រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo និងប្រធានាធិបតីបណ្តោះអាសន្ន វេណេហ្ស៊ុយអេឡា លោក វ័ន ហ្គៃដូ បានសន្យាថា នឹងខិតខំឱ្យបានខ្លាំងជាងមុន ដើម្បីបណ្តេញប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង ដោយដំឡើងរដ្ឋាភិបាលអន្តរកាលមួយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមសេចក្តីថ្លែងការណ៍នោះថា «លោក Pompeo និងលោក ហ្គៃដូ បានយល់ព្រមធ្វើការប្រឹងប្រែង ដើម្បីផ្តល់ជូនប្រជាជនវ៉េណេស៊ុយអេឡា នូវអ្វីដែលពួកគេ បានទាមទារជាច្រើនឆ្នាំ៖ ការបញ្ចប់នូវរបបផ្តាច់ការរបស់លោក ម៉ាឌូរ៉ូ និងការស្តារលទ្ធិប្រជាធិបតេយ្យវិបុលភាព សេដ្ឋកិច្ចនិងសេចក្តីថ្លៃថ្នូរ ដល់ប្រជាជនវេណេស៊ុយអេឡា»។

មន្ដ្រីទាំងពីររូបនេះ បានប្រគល់ឱ្យនូវវិធីនានា ដែលអ្នកប្រជាធិបតេយ្យ និងដៃគូអន្តរជាតិអាចរួមគ្នា បើកផ្លូវឆ្ពោះ ទៅរករដ្ឋាភិបាលអន្តរកាលមួយ ដែលទទួលខុសត្រូវ ក្នុងការត្រួតពិនិត្យ ការបោះឆ្នោតប្រធានាធិបតី និងរដ្ឋសភាដោយសេរីនិងយុត្តិធម៌។

នៅក្នុងសុន្ទរកថាប្រចាំឆ្នាំ កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បានស្វាគមន៍លោក ហ្គៃដូ ដែលត្រូវបានគេអញ្ជើញ ឱ្យទៅវិមានកាពីតូលផងដែរ ថាជា “ ប្រធានាធិបតីស្របច្បាប់តែមួយគត់ របស់វេណេស៊ុយអេឡា” ។ លោកក៏បានប្តេជ្ញាថា នឹងវាយបំបែក និងបំបែកបំបាក់នូវ“ ភាពផ្តាច់ការ” នៅក្នុងប្រទេសអាមេរិកឡាទីននេះ។

សូមជម្រាបថា លោក វ័ន ហ្គៃដូ បានប្រកាសខ្លួនឯងដោយខុសច្បាប់ ជាប្រធានាធិបតីបណ្តោះអាសន្ន វេណេស៊ុយអេឡា កាលពីខែមករាឆ្នាំ ២០១៩ បន្ទាប់ពីបានជំទាស់នឹងលទ្ធផល នៃការបោះឆ្នោតខែឧសភាឆ្នាំ ២០១៨ ដែលលោកនីកូឡាសម៉ាឌូរ៉ូ បានឈ្នះ៕ ប្រែសម្រួលៈ ណៃ តុលា

To Top