ព័ត៌មានអន្តរជាតិ

មេរោគកូរ៉ូណា៖ អ្នកស្លាប់កើនឡើងដល់ ៧២២នាក់ និងអ្នកឆ្លង ៣៤.៥០០នាក់

បរទេស៖ ការផ្ទុះឡើងនៃជំងឺរលាកសួត ដែលបណ្តាលមកពីវីរុសថ្មី កូរ៉ូណា ត្រូវបានចុះបញ្ជីដំបូង នៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន ហើយចាប់តាំងពីពេលនោះមក វាបានរាលដាលដល់ជាង ២០ ប្រទេស ហើយមកដល់ពេលនេះ ជំងឺរលាកសួតថ្មីនេះ បានបណ្តាលឱ្យមនុស្សស្លាប់កើនដល់ ៧២២នាក់ហើយ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អាជ្ញាធរសុខាភិបាល របស់ប្រទេសចិនបាននិយាយថា ចំនួនមនុស្សដែលបានស្លាប់ ដោយសារវីរុសថ្មីនៅចិនដីគោក បានកើនឡើងដល់ ៧២២ នាក់ និងច្រើនជាង ៣៤.៥០០ នាក់បានឆ្លង ប៉ុន្តែក៏មានអ្នកជំងឺចំនួន ២,០៥០ នាក់ ត្រូវបានបញ្ជូនចេញពីមន្ទីរពេទ្យផងដែរ ក្រោយពីបានជាសះស្បើយ។

គណៈកម្មាធិការសុខាភិបាល ក្នុងតំបន់បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅខេត្តហ៊ូប៉ីចំនួនអ្នកស្លាប់ មានដល់ ៦៩៩ នាក់ និងច្រើនជាង ២៤.០០០ នាក់បានឆ្លងជំងឺនេះ។ ករណីថ្មីចំនួន ២.៨៤១ ត្រូវបានចុះបញ្ជី កាលពីថ្ងៃសុក្រ ក្នុងនោះមាន ១.៩៨៥ ករណីនៅអ៊ូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើង៕

To Top