ព័ត៌មានអន្តរជាតិ

ប្រទេសចិន នឹងកាត់បន្ថយពន្ធគយ ពិន័យលើទំនិញអាមេរិក ៧៥ពាន់លានដុល្លារ

បរទេស៖ប្រទេសចិន តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងកាត់បន្ថយពន្ធគយពិន័យ ដាក់លើទំនិញនាំចេញសហរដ្ឋអាមេរិក មានទំហំជាទឹកប្រាក់ ប្រហែល៧៥ពាន់លានដុល្លារ ស្របពេលដែលប្រទេសទាំងពីរ បន្តធ្វើការងារលើកិច្ចព្រមព្រៀងជំនួញ។

យោងតាមប្រភព ពីទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងហិរញ្ញវត្ថុចិន បាននិយាយប្រាប់ថា ខ្លួននឹងកាត់បន្ថយការ ដាក់ពិន័យពន្ធគយ ដែលខ្លួនបានដាក់លើ ផលិតផលសហរដ្ឋអាមេរិក កាលពីឆ្នាំមិញ។
ដោយគិតចាប់ផ្តើមពីថ្ងៃទី១៤ ខែកុម្ភៈតទៅ ប្រទេសចិនបាននិយាយថា ខ្លួននឹងកាត់បន្ថយពន្ធគយ ពី១០ភាគរយទៅ៥ភាគរយ និងកាត់បន្ថយពន្ធ៥ភាគរយ លើទំនិញផ្សេងៗ ឲ្យនៅសល់តែ២,៥ភាគរយ ហើយការកាត់បន្ថយពន្ធនេះ គឺដើម្បីលើកកម្ពស់សុខភាព និងការអភិវឌ្ឍប្រកបដោយស្ថិរភាព លើចំណងមិត្តភាពសេដ្ឋកិច្ច និងជំនួញរវាងប្រទេសចិន និងសហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

To Top