ព័ត៌មានអន្តរជាតិ

របាយការណ៍៖ ពលរដ្ឋអាមេរិកដំបូងគេបានស្លាប់ នៅក្នុងទីក្រុង វូហាន ប្រទេសចិន ដោយសារវីរុសកូរ៉ូណា

បរទេស៖ មេរោគប្រភេទថ្មី – 2019-nCoV ត្រូវបានគេរកឃើញដំបូងគេនៅក្នុងទីក្រុងវូហាន របស់ប្រទេសចិន ដែលស្ថិតនៅក្នុងខេត្តហ៊ូប៉ី កាលពីខែធ្នូ។ យោងតាមសារព័ត៌មាន New York Times ថា ពលរដ្ឋអាមេរិកម្នាក់បានស្លាប់នៅក្នុងទីក្រុងវូហាន នៅក្នុងអ្វីដែលមើលឃើញថា ជាការស្លាប់ដំបូងរបស់ជនជាតិអាមេរិក ដោយសារការផ្ទុះឡើងវីរុសនេះ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យស្ថានទូតថា « យើងសូមចូលរួមមរណទុក្ខ ចំពោះក្រុមគ្រួសារចំពោះការបាត់បង់របស់ពួកគេ ។ ដោយគោរពសិទ្ធិឯកជនរបស់គ្រួសារយើង មិនមានយោបល់អ្វីបន្ថែមទៀតទេ” ។

យោងតាមរបាយការណ៍ គឺថា ជនជាតិអាមេរិកនោះមានអាយុប្រហែល ៦០ ឆ្នាំ គាត់បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍។

មេរោគរលាកសួតប្រភេទថ្មី – 2019-nCoV ត្រូវបានគេរកឃើញដំបូងនៅក្នុងទីក្រុងវូហានរបស់ប្រទេសចិន ដែលមានទីតាំងស្ថិតនៅក្នុងខេត្តហ៊ូប៉ីកាលពីខែធ្នូ ហើយចាប់តាំងពីពេលនោះមក មេរោគនេះបានរាលដាលដល់ជាង ២៥ ប្រទេស។ 

នៅចិនដីគោកវីរុសនេះបានធ្វើឱ្យមនុស្ស ៧២២ នាក់ស្លាប់ និងជាង ៣៤.០០០ នាក់ បានឆ្លងជំងឺ។ កាលពីសប្តាហ៍មុនអង្គការសុខភាពពិភពលោក បានប្រកាសអំពីភាពអាសន្នផ្នែកសុខភាព ជាសកល ដោយសារការផ្ទុះឡើង នៃជំងឺនេះផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top