ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកអាមេរិក រឹបអូសអាវុធអ៊ីរ៉ង់ នៅសមុទ្រអារ៉ាប់

បរទេស៖ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ទ័ពជើងទឹកសហរដ្ឋអាមេរិក នៅដើមសប្ដាហ៍នេះ បានស្ទាក់បញ្ឈប់កប៉ាល់មួយគ្រឿង នៅលើសមុទ្រអារ៉ាប់ មានផ្ទុកដោយគ្រាប់មីស៊ីល និងអាវុធផ្សេងទៀតផលិតដោយអ៊ីរ៉ង់ ដែលគេជឿថា ដឹកបញ្ជូនទៅឲ្យប្រទេសយេម៉ែន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឲ្យដឹងថា នាវាទ័ពជើងទឹកសហរដ្ឋអាមេរិក បានធ្វើការបញ្ឈប់កប៉ាល់នោះ ក្នុងខណៈកំពុងប្រតិបត្តិការល្បាតសន្តិសុខ នៅលើផ្ទៃនៃដែនសមុទ្រអារ៉ាប់ កាលពីថ្ងៃអាទិត្យ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ទីបញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយប្រាប់ថា អាវុធដែលរឹបអូសបាននោះ រួមមានមីស៊ីលបាញ់រថក្រោះ Dehlavieh ១៥០គ្រាប់ ដែលអ៊ីរ៉ង់ផលិតចម្លងតាមមីស៊ីលរុស្ស៊ី Kornet ATGMs ហើយក្រៅពីនោះ ក៏រកឃើញមីស៊ីលវាយប្រហារពីដី ទៅអាកាសចំនួន៣គ្រាប់ និងសព្វាវុធផ្សេងៗទៀត៕ ប្រែសម្រួល៖ប៉ាង កុង

To Top