ព័ត៌មានអន្តរជាតិ

មានគ្រាប់ផ្លោង ធ្លាក់នៅជិតស្ថានទូត អាមេរិក ក្នុងទីក្រុង បាកដាដ ប្រទេសអ៊ីរ៉ាក់

បរទេស៖ របាយការណ៍ជាច្រើនបានលេចចេញ នៅព្រឹកថ្ងៃអាទិត្យដោយអះអាងថា តំបន់បៃតងដែលគេហៅថា តំបន់កណ្តាលនៃរដ្ឋធានីបាកដាដរបស់អ៊ីរ៉ាក់ ដែលជាកន្លែងស្ថានទូតអាមេរិកស្ថិតនៅ ត្រូវបានវាយប្រហារដោយការបាញ់ផ្លោង។ ការវាយប្រហារនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីមន្ត្រីជាន់ខ្ពស់ អាមេរិកប្រកាសពីការបន្តប្រតិបត្តិការរួមគ្នារវាងក្រុមចម្រុះដឹកនាំ ដោយអាមេរិកនិងកម្លាំងសន្តិសុខអ៊ីរ៉ាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ គឺសំឡេងសារ៉ែនរោទ៍បានលាន់លឺនៅក្នុងទីក្រុងបាកដាដ មុនពេលការវាយប្រហារ។ គេនៅមិនទាន់ដឹងថា មានគ្រាប់ផ្លោងចំនួនប៉ុន្មានគ្រាប់ដែលបានធ្លាក់ នៅក្នុងតំបន់បៃតងនោះទេ ហើយថាតើវាបានបង្កការខូចខាតដែរឬទេ។ សាក្សីបានឃើញផ្ទាល់ភ្នែកបានអះអាងថា ការផ្ទុះខ្លាំង ៗ ជាច្រើន បានលាន់លឺនៅកណ្តាលទីក្រុង។

មិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយទាក់ទងនឹងឧប្បត្តិហេតុនេះនៅឡើយទេ។ ទោះយ៉ាងណាអ្នកនិយមលេងអ៊ីនធឺណិតបានចែករំលែកនូវរូបភាព ដែលបង្ហាញពីលទ្ធផលនៃការវាយប្រហារនេះ។

សូមជម្រាបថា ចាប់តាំងពីខែមករាបន្ទាប់ពីឧត្តមសេនីយ៍កំពូលអ៊ីរ៉ង់លោក Qasem Soleimani ត្រូវបានធ្វើឃាតដោយកងកម្លាំងអាមេរិកនៅជិតទីក្រុងបាកដាដ តាមបញ្ជារបស់ប្រធានាធិបតីអាមេរិកដូណាល់ត្រាំ មក គឺស្ថានទូតអាមេរិក និងឃ្លាំងយោធានៅអ៊ីរ៉ាក់ បានក្លាយជាគោលនៃការវាយប្រហារ គ្រាប់រ៉ុក្កែតជាច្រើនលើកផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top