ព័ត៌មានអន្តរជាតិ

វៀតណាម និងសហភាពអឺរ៉ុប បង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា

ហាណូយ៖ កិច្ចប្រជុំលើកទី ១ នៃអនុគណៈកម្មាធិការកិច្ចការនយោបាយនៃគណៈកម្មាធិការ ចម្រុះក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាង សហភាពអឺរ៉ុប និងវៀតណាម (PCA) បានធ្វើឡើងនៅទីក្រុងហាណូយ កាលពីថ្ងៃចន្ទ។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Tô Anh Dũng និងជានាយករងគ្រប់គ្រងទទួលបន្ទុកតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុប (EEAS) Paola Pampaloni បានធ្វើជាសហប្រធាននៃព្រឹត្តិការណ៍នេះដែលបានធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុបបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារវិនិយោគអ៊ឺរ៉ុប – វៀតណាម (EVIPA) នៅថ្ងៃទី ១២ ខែកុម្ភៈ។

ប្រធានគណៈប្រតិភូទាំងពីរមានសេចក្តីរីករាយចំពោះការវិវឌ្ឍន៍យ៉ាងសកម្មនៃទំនាក់ទំនងវៀតណាម – អ៊ឺរ៉ុបក្នុងរយៈពេលជាង ៣ ទសវត្សរ៍ ជាមួយនឹងការសំរេចបាននូវលទ្ធផលនៃកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការចម្រុះនៅទីក្រុង ហាណូយ កាលពីខែឧសភា និងបានសម្តែងក្តីសង្ឃឹមសម្រាប់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

លោក Dũng បានស្នើឱ្យភាគីទាំងពីរបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងរួមគ្នារៀបចំសកម្មភាពអបអរសាទរខួបលើកទី ៣០ នៃចំណងការទូត៕ ប្រែសម្រួលៈ ណៃ តុលា

To Top