ព័ត៌មានអន្តរជាតិ

មន្ត្រីអាហ្វហ្គានីស្ថាន ពិភាក្សាដោះដូរ អ្នកទោសគ្នា ជាមួយពួកតាលីប នៅមុនកិច្ចព្រមព្រៀង ដកទ័ពអាមេរិក

បរទេស ៖ មន្ត្រីអាហ្វហ្គានីស្ថាន តាមសេចក្តីរាយការណ៍ បានជួបជាមួយសមាជិក ពួកតាលីបង់ នៅក្នុងប្រទេសកាតា នាថ្ងៃសុក្រនេះ ដើម្បីពិភាក្សាគ្នាអំពីគម្រោង ដោះដូរអ្នកទោសគ្នា នៅមុនកិច្ចព្រមព្រៀងអាមេរិកនិងពួកតាលីបង់ កំណត់ពីពេលវេលា ដកកងទ័ពអាមេរិក ដែលកំពុងតែធ្វើការប្រយុទ្ធ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេល១៨ឆ្នាំ ។

មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ពីររូប នៅក្នុងទីក្រុងកាប៊ុល បាននិយាយប្រាប់ថា ការជួបគ្នានៅក្នុងទីក្រុងដូហានោះ គឺជាផ្នែកនៃយន្តការកសាងទំនុកចិត្តដ៏សំខាន់ រវាងភាគីសង្គ្រាមទាំងពីរ។
ពួកតាលីបង់ចង់ ដោះលែងអ្នកទោស ជាង៥.០០០នាក់ នៅមុនពេលចាប់ផ្តើម កិច្ចចរចាត្រង់ៗ ជាមួយភាគីអាហ្វហ្គានីស្ថាន សម្រាប់បទឈប់បាញ់គ្នា ជាអចិន្ត្រៃយ៍ ហើយមេដឹកនាំជាន់ខ្ពស់ ពួកតាលីបង់មួយរូប នៅក្នុងទីក្រុងដូហា បាននិយាយថា ភាគីទាំងពីរ កំពុងតែធ្វើការងារ លើជ្រុងផ្សេងគ្នា ដើម្បីបំបាត់ភាពខុសគ្នា ស្តីពីការដោះដូរអ្នកទោសគ្នា។
ចំណែកមន្ត្រីមួយរូប ផ្សេងទៀត បាននិយាយថា គណៈប្រតិភូអាហ្វហ្គានីស្ថាន គ្មានសិទ្ធិយល់ព្រមលើការដោះដូរអ្នកទោសនេះទេ ហើយវានឹង ត្រូវលើកយកពិភាក្សា និងរាយការណ៍ត្រឡប់ទៅប្រធានាធិបតីវិញ ៕
ប្រែសម្រួល៖ប៉ាង កុង

To Top