បរទេស ៖ ប្រទេសកូរ៉េខាងត្បូង នឹងធ្វើការត្រៀមរៀបចំ ដើម្បីពង្រីកសហប្រតិបត្តិការ ប្រឆាំងជម្ងឺឆ្លង ជាមួយប្រទេសកូរ៉េខាងជើង នេះបើតាមសម្តី របស់ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូង ក្រោយមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី មូន ជេអ៊ីន អំពាវនាវ ឲ្យមានសហប្រតិបត្តិការ សុខាភិបាលអន្តរកូរ៉េ ស្របពេលមានការ រីករាលដាលឆ្លង នៃកូរ៉ូណាវីរុសនៅលើពិភពលោក។
នៅក្នុងសន្និសីទកាសែតមួយ លោក Yoh Sang-key ជាមន្ត្រីនាំពាក្យក្រសួងបង្រួបបង្រួម បាននិយាយយ៉ាងដូច្នេះថា “រដ្ឋាភិបាលរបស់យើង នឹងត្រៀមរៀបចំ សម្រាប់ សហប្រតិបត្តិការអន្តរកូរ៉េ ក្នុងវិស័យសុខាភិបាល ការទប់ស្កាត់ជម្ងឺ គ្រោះមហន្តរាយធម្មជាតិ បម្រែបម្រួលអាកាសធាតុ និងវិស័យនានាផ្សេងទៀត នៅពេលដែលលក្ខខណ្ឌ មានភាពចាស់ទុំ” ។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យម្សិលមិញនេះ លោក មូន ជេអ៊ីន បានស្នើឲ្យមានសហប្រតិបត្តិការ សុខាភិបាលជាមួយកូរ៉េខាងជើង ក្នុងសុន្ទរកថាមួយ ដែលថ្លែងរំលឹកដល់ចលនាឯករាជ្យឆ្នាំ១៩១៩ ដោយលោកនិយាយថា ប្រជាជនកូរ៉េ នឹងមានសុវត្ថិភាពខ្លាំងឡើង នៅពេលដែលភាគីទាំងពីរ ធ្វើការឆ្លើយតបរួមគ្នា ចំពោះជម្ងឺឆ្លងនិងគ្រោះមហន្តរាយ នៅតំបន់ព្រំដែន ក៏ដូចជាបម្រែបម្រួលអាកាសធាតុ នៅលើឧបទ្វីបកូរ៉េ៕
ប្រែសម្រួល៖ប៉ាង កុង
