ព័ត៌មានអន្តរជាតិ

លោក ត្រាំ ណែនាំឲ្យទ័ពជើងទឹកអាមេរិក កម្ទេចទូកចម្បាំងអ៊ីរ៉ង់ ប្រសិនបើហ៊ានយារយីនាវាអាមេរិក

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ថា លោកបានណែនាំទ័ពជើងទឹកសហរដ្ឋអាមេរិក ឲ្យបាញ់នាវាអ៊ីរ៉ង់ណាមួយ ដែលធ្វើសកម្មភាពយារយីណាមួយ នៅដែនសមុទ្រ។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ត្រាំ បាននិយាយនៅលើបណ្ដាញសង្គមធ្វីតធ័រថា “នាពេលថ្មីៗនេះ ខ្ញុំទើបបានណែនាំទ័ពជើងទឹក សហរដ្ឋអាមេរិក ឲ្យបាញ់ពន្លិច និងកម្ទេចទូកប្រដាប់អាវុធអ៊ីរ៉ង់ទាំងអស់ ប្រសិនបើពួកវារុកគួននាវារបស់យើង នៅដែនសមុទ្រ”។

គួរបញ្ជាក់ថា លោកប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ បានថ្លែងយ៉ាងដូច្នោះ ក្រោយមួយសប្ដាហ៍ បន្ទាប់ពីនាវាអ៊ីរ៉ង់១១គ្រឿង មកពីទ័ពជើងទឹកកងកម្លាំង ការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានចូលទៅជិតនាវាអាមេរិក នៅតំបន់ឈូងសមុទ្រ និងក្រោយប៉ុន្មានម៉ោង បន្ទាប់ពីកងកម្លាំង ការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់និយាយថា ខ្លួនទើបបានបាញ់បង្ហោះ ផ្កាយរបណយោធាដំបូង ក្នុងប្រទេសចូលទៅក្នុងលំហ បានយ៉ាងជោគជ័យ៕
ប្រែសម្រួល៖ប៉ាង កុង

To Top