ព័ត៌មានអន្តរជាតិ

អ៊ីស្រាអ៊ែល មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជាង ១៤.០០០នាក់

យេរ៉ូសាឡឹម ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ថា កាលពីថ្ងៃព្រហស្បតិ៍ ក្រសួងសុខាភិបាលអ៊ីស្រាអ៊ែល បានរាយការណ៍ថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៣០៥នាក់ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់១៤.៨០៣នាក់ ។

ក្រសួងក៏បានរាយការណ៍ឲ្យដឹងថា មានអ្នកស្លាប់បន្ថែមចំនួន០២នាក់ ដែលនាំឲ្យចំនួននៃអ្នកស្លាប់មានរហូតដល់១៩២នាក់ ។

គេបានដឹងថា ចំនួននៃអ្នកជំងឺដែលមានស្ថានភាពធ្ងន់ធ្ងរ បានថយចុះពី១៤២ មកដល់ត្រឹម១៣៩នាក់ ក្នុងចំណោមអ្នកជំងឺ៤៣៣នាក់ ដែលជាអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។

ចំនួនអ្នកជាសះស្បើយពីជំងឺវិញបានកើនឡើងដល់៥.៦១១នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយថ្មីចំនួន៣៩៦នាក់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top