ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នឹងបញ្ជូនកងទ័ព ទៅដាក់ពង្រាយ នៅតំបន់សគ្មានទ័ព និងផ្តើមធ្វើសមយុទ្ធជាថ្មី

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថា ខ្លួននឹងបញ្ជូនកងទ័ព ទៅតំបន់ឧស្សាហកម្ម Kaesong និងតំបន់ទេសចរណ៍ Mt. Kumgang ជាតំបន់ដែលធ្លាប់ជាទីតាំង ធ្វើវិនិយោគសេដ្ឋកិច្ចរួមគ្នា ជាមួយប្រទេសកូរ៉េខាងត្បូង ស្របពេលដែលទីក្រុងព្យុងយ៉ាង បន្តបង្កើនភាពតានតឹង ក្រោយមួយថ្ងៃ បន្ទាប់ពីបំផ្ទុះចោលការិយាល័យ អន្តរទំនាក់ទំនងកូរ៉េ។

ក្រៅពីនេះ ប្រទេសកូរ៉េខាងជើង ក៏នឹងបង្កើតឡើងវិញ នូវប៉ុស្តិ៍ការពារ ដែលធ្លាប់បានដកចេញ ពីតំបន់សគ្មានយោធា និងធ្វើសមយុទ្ធយោធា នៅតំបន់នានាតាមព្រំដែន នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើង ដោយមន្ត្រីនាំពាក្យមួយរូប របស់អគ្គសេនាធិការកងទ័ពកូរ៉េ។

សេចក្តីថ្លែងការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ប៉ុស្តិ៍ប៉ូលីសស៊ីវិល ដែលធ្លាប់បានដកចេញ ពីតំបន់សគ្មានយោធា ស្ថិតក្រោមកិច្ច ព្រមព្រៀងកូរ៉េខាងជើង និងកូរ៉េខាងត្បូង ក្នុងវិស័យយោធានោះ នឹងបង្កើតឡើងវិញជាថ្មីម្តងទៀត ដើម្បីពង្រឹងកិច្ចការពារ នៅតំបន់ជួរមុខ៕ ប្រែសម្រួល៖ប៉ាង កុង

To Top