ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ច្រានចោលសំណើ បញ្ជូនប្រេសិតកូរ៉េខាងត្បូង និងប្តេជ្ញាដាក់ពង្រាយ កងទ័ពតាមព្រំដែនជាថ្មី

បរទេស៖ ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះ បាននិយាយថា ខ្លួនទើបបានច្រានចោលសំណើ របស់ប្រទេសកូរ៉េខាងត្បូង សុំបញ្ជូនប្រេសិតពិសេសកូរ៉េខាងត្បូង ដើម្បីបន្ធូរបន្ថយភាពតានតឹង កំពុងកើនកម្តៅ ជុំវិញការប្រឆាំង នឹងពួករត់ចោលប្រទេសកូរ៉េខាងជើង និងបានបញ្ឈប់ កិច្ចប្រឹងប្រែងផ្សះផ្សារ និងបានប្តេជ្ញាដាក់ពង្រាយ កងទ័ពនៅតាមព្រំដែនជាថ្មី។

ចំណែកទីភ្នាក់ងារ សារព័ត៌មានផ្លូវការកូរ៉េខាងជើង KCNA បាននិយាយដូច្នេះថា “ដំណោះស្រាយចំពោះវិបត្តិបច្ចុប្បន្ន រវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូង បង្កឡើងដោយភាពគ្មានសមត្ថភាព និងភាពគ្មានទំនួលខុសត្រូវ របស់អាជ្ញាធរកូរ៉េខាងត្បូង គឺមិនអាចទៅរួចនោះទេ ហើយវាអាចលុបចោលវិញ ត្រឹមតែនៅពេលណា ដែលតម្លៃសមស្រប ត្រូវបានផ្តល់ឲ្យប៉ុណ្ណោះ”។

គួរបញ្ជាក់ថា សេចក្តីប្រកាស របស់ប្រទេសកូរ៉េខាងជើងនេះ គឺត្រូវបានធ្វើឡើង ក្រោយមួយថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបំផ្ទុះចោលការិយាល័យ ទំនាក់ទំនងរួមគ្នា ដែលកសាងឡើង នៅតំបន់ព្រំដែន ជាផ្នែកនៃកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៨ រវាងមេដឹកនាំរបស់ប្រទេសទាំងពីរ៕ ប្រែសម្រួល៖ប៉ាង កុង

To Top