ព័ត៌មានអន្តរជាតិ

ប្រេស៊ីល មានអ្នកស្លាប់បន្ថែមទៀត ចំនួន១.២១២នាក់ នាំឲ្យតួលេខអ្នកស្លាប់ សរុបកើនដល់ជាង៩២.០០០នាក់

រីយ៉ូឌឺចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ថា កាលពីថ្ងៃសុក្រ ប្រេស៊ីល ត្រូវបានគេរាយការណ៍ឲ្យដឹងថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ប្រចាំថ្ងៃចំនួន១.២១២នាក់ ដែលនាំឲ្យចំនួនអ្នកស្លាប់នៅទូទាំងប្រទេសកើនឡើងដល់៩២.៤៧៥នាក់ ។

ក្រុមអាជ្ញាធរសុខាភិបាល ក៏បានរកឃើញអ្នកឆ្លងជំងឺថ្មីចំនួន ៥២.៣៨៣នាក់ ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុបកើនដល់២.៦៦២.៤៨៥នាក់ ។

រដ្ឋសៅប៉ូឡូ ដែលមានពលរដ្ឋរស់នៅច្រើនបំផុតនៅក្នុងប្រទេស ក៏បានរងនូវផលប៉ះពាល់ធ្ងន់ធ្ងរដដែល ដោយមានអ្នកឆ្លងជំងឺចំនួន៥៤២.៣០៤នាក់ និងមានអ្នកស្លាប់ចំនួន២២.៩៩៧នាក់ បន្ទាប់មកមានក្រុងរីយ៉ូឌឺចាណេរ៉ូ មានអ្នកឆ្លងចំនួន១៦៥.៤៩៥នាក់ និងមានអ្នកស្លាប់ចំនួន១៣.៤៧៧នាក់ និងរដ្ឋ Ceara មានអ្នកឆ្លងជំងឺចំនួន១៧៣.៨៨២នាក់ និងមានអ្នកស្លាប់ចំនួន៧.៦៦៨នាក់ ។

ប្រទេសស៊ីល គឺជាប្រទេសមួយក្នុងចំណោមប្រទេស ដែលឆ្លងរាលដាលខ្លាំងជាងគេ ស្ថិតក្នុងលំដាប់លេខ២លើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ទំាងអ្នកឆ្លង និងអ្នកស្លាប់ដោយជំងឺនេះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top