ព័ត៌មានអន្តរជាតិ

ឥទ្ធិពលព្យុះ ស៊ីនឡាគូ ធ្វើឱ្យជន់លិចផ្ទះ ប្រជាជនជាង ១ ០០០គ្រួសារ នៅខេត្ត Loei ប្រទេសថៃ

បរទេស៖ រដ្ឋាភិបាលថៃ កំពុងបង្កើនការផ្តល់ជំនួយបន្ទាន់ ដល់ប្រជាជនជាង ១.០០០ គ្រួសារ នៅខេត្ត Loei ដែលរងផលប៉ះពាល់ ដោយទឹកជំនន់ភ្លាមៗ បន្ទាប់ពីព្យុះត្រូពិក ស៊ីនឡាគូ បានបក់បោក។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Traisuree Taisaranakul បាននិយាយថា លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា បានបញ្ជាឱ្យអាជ្ញាធរ ផ្តល់ជំនួយជាបន្ទាន់ ដល់ប្រជាជនជាង ១.០០០ គ្រួសារ នៅស្រុកមៀង ខេត្តឈៀងខន និង ស្រុក ប៉ាកចោម ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដោយទឹកជំនន់។

លោកស្រីបន្តថា លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យអាជ្ញាធរ ជម្លៀសប្រជាជនរងគ្រោះ ដោយទឹកជំនន់ជាបន្ទាន់ ទៅកាន់ដីគោកដែលមានសុវត្ថិភាព និងបង្កើនការស្ទង់មតិ អំពីការខូចខាតទ្រព្យសម្បត្តិ។

ផ្ទាំងពាណិជ្ជកម្ម

ទឹកជំនន់បណ្តាល មកពីជំនន់ទឹកភ្លៀង ដែលបង្កឡើង ដោយព្យុះស៊ីនឡាគូ ដែលបានងាកចេញ ពីប្រទេសវៀតណាម ឆ្ពោះទៅប្រទេសឡាវនិងថៃ កាលពីល្ងាចថ្ងៃសៅរ៍ ដោយបំផ្លាញផ្ទះសម្បែង និងផ្លូវថ្នល់រងការខូចខាត ខណៈដែលព្យុះ ក៏បានធ្វើឱ្យមានភ្លៀងធ្លាក់ នៅទូទាំងស្រុកចំនួន ១៤ នៅក្នុងខេត្ត Loei។

ផ្នែកធំ ៗ នៃស្រុកមៀងឈៀងខន និងប៉ាកចោម ត្រូវបានជន់លិច ដោយកាត់ផ្តាច់ចរន្តអគ្គិសនី ក៏ដូចជាផ្លូវទៅកាន់ការផ្គត់ផ្គង់បន្ទាន់ រួមទាំងទឹកស្អាតផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top