ព័ត៌មានអន្តរជាតិ

ប្រធាន ក្រុមប្រឹក្សាសន្តិសុខយូអិន៖ មិនត្រូវចាត់វិធានការបន្ថែមទៀត លើទណ្ឌកម្មអ៊ីរ៉ង់ឡើយ

យូអិន៖ ប្រធាននៃក្រុមប្រឹក្សាសន្តិសុខយូអិន បានឲ្យដឹងថា លោកនឹងមិនចាត់វិធានការណាមួយ លើសេចក្តីជូនដំណឹង របស់សហរដ្ឋអាមេរិក ដែលបានអះអាងចំពោះយន្តការ “ថយក្រោយ” ស្តីពីការដាក់ទណ្ឌកម្ម ប្រឆាំងនឹងអ៊ីរ៉ង់នោះទេ។

ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅយូអិន លោក Dian Triansyah Djani ដែលប្រទេសរបស់លោក កាន់តំណែងជា ប្រធានក្រុមប្រឹក្សាសន្តិសុខ សម្រាប់ខែសីហា បានលើកឡើងថា លោកមិនស្ថិតក្នុងជំហរ ដើម្បីចាត់វិធានការបន្ថែមទៀតទេ ព្រោះគ្មានការឯកភាពគ្នា ក្នុងចំណោមសមាជិក ក្រុមប្រឹក្សាអំពីបញ្ហានេះ។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានដាក់ការទាមទារ របស់ទីក្រុងវ៉ាស៊ីនតោន ឱ្យវិលត្រឡប់មកវិញ នូវរាល់ទណ្ឌកម្មរបស់យូអិន ប្រឆាំងនឹងអ៊ីរ៉ង់ ប៉ុន្តែសមាជិកក្រុមប្រឹក្សាសន្តិសុខ ភាគច្រើនលើសលប់ ប្រកាន់ជំហររបស់សហរដ្ឋអាមេរិកថា មិនមែនជា“ ការជូនដំណឹង” ដូចមានចែង នៅក្នុងសេចក្តីសម្រេចលេខ ២២៣១ របស់ក្រុមប្រឹក្សាសន្តិសុខ ដែលយល់ព្រម លើកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នោះទេ។

គ្រប់ភាគីបានអះអាងថា សហរដ្ឋអាមេរិកគ្មានសិទ្ធិ ក្នុងការអំពាវនាវ ដល់យន្តការ “វិលត្រឡប់” នោះទេ ព្រោះខ្លួនមិនមែន ជាអ្នកចូលរួមទៀតទេ ចាប់តាំងពីអាមេរិក បានដកខ្លួនចេញ ពីកិច្ចព្រមព្រៀង កាលពីខែឧសភា ឆ្នាំ ២០១៨ ៕ ដោយ៖ ឈូក បូរ៉ា

To Top