ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេស អាមេរិក នៅក្នុងប្រទេសបារ៉ែន ពិភាក្សាពីស្ថិរភាព និងសាមគ្គីភាព

បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo បានពិភាក្សាគ្នាអំពីស្ថិរភាព និងសាមគ្គីភាពក្នុងតំបន់ នៅតំបន់ឈូងសមុទ្រ ជាមួយព្រះរាជ្ជទាយាទ របស់ប្រទេសបារ៉ែន នៅថ្ងៃពុធនេះ ជាផ្នែកនៃដំណើរទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ា ក្រោមមានកិច្ចព្រមព្រៀង រវាងប្រទេសអ៊ីស្រាអែល និងសហភាពអារ៉ាប់រួម ស្តីពីការធ្វើចំណងមិត្តភាព ឲ្យមានភាពប្រក្រតី ។

យោងតាមសេចក្តីរាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងពេលធ្វើដំណើរទៅដល់ កាលពីរាត្រីថ្ងៃអង្គារសប្ដាហ៍នេះ លោក Mike Pompeo បាននិយាយថា វាមានសារៈសំខាន់ណាស់ ដើម្បីចាប់យកសន្ទុះកិច្ចព្រមព្រៀង សម្របសម្រួលដោយអាមេរិក ដែលបានប្រកាស កាលពីថ្ងៃទី១៣ ខែសីហា។

ក្រោយជួបគ្នាជាមួយ ព្រះរាជ្ជទាយាទបារ៉ែន គឺព្រះអង្គម្ចាស់ Salman bin Hamad Al Khalifa នោះ លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានសរសេរលើបណ្ដាញសង្គម ធ្វីតធ័រថា “យើងបានពិភាក្សាគ្នាអំពីសារៈសំខាន់ នៃការកសាងសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ដោយរួមបញ្ចូលទាំងសារៈសំខាន់ នៃសាមគ្គីភាពនៅតំបន់ឈូងសមុទ្រ និងទប់ស្កាត់ឥទ្ធិពលអាក្រក់ អ៊ីរ៉ង់នៅក្នុងតំបន់” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top