ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងប្រទេស ៥ផ្សេងទៀត ពិភាក្សាគ្នា ពាក់ព័ន្ធកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥

បរទេស ៖ មន្ត្រីមកពីប្រទេសអ៊ីរ៉ង់ និងប្រទេសមួយចំនួនផ្សេងទៀត បានជួបប្រជុំគ្នា នៅក្នុងប្រទេសអូទ្រីស នៅថ្ងៃអង្គារ សប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នា អំពីការជួយសង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែ ឆ្នាំ២០១៥ នេះបើយោងតាមសេចក្តី រាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ។

លោក Helga Maria Schmid ជាអគ្គលេខាធិការទីភ្នាក់ងារ ចំណាត់ការខាងក្រៅអឺរ៉ុប បានចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំកាលពីថ្ងៃអង្គារនោះ ជាមួយមន្ត្រីតំណាង មកពីប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ ចិននិងរុស្ស៊ី ហើយមន្ត្រីទាំងនោះ បាននិយាយគ្នា អំពីវិធានការរក្សា ទុកកិច្ចព្រមព្រៀងនោះ បើទោះជាសហរដ្ឋអាមេរិក បានដកខ្លួនចេញកាលពី២ ឆ្នាំមុនក៏ដោយ។

នៅក្នុងសារបង្ហោះលើបណ្ដាញ សង្គមធ្វីតធ័រ លោក Helga Maria Schmid បានមានប្រសាសន៍ យ៉ាងដូច្នេះថា “វាសំខាន់ណាស់ ដែលភាគីចូលរួមសាមគ្គីគ្នាជាឯកច្ឆ័ន្ទ ដើម្បីរក្សាកិច្ចព្រមព្រៀងអ៊ីរ៉ង់ និងស្វែងរកផ្លូវដើម្បីធានាការ អនុវត្តពេញលេញនូវកិច្ចព្រមព្រៀងនោះ បើទោះជាមានភាពលំបាក នាពេលបច្ចុប្បន្ននេះក៏ដោយ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top